(កណ្ដាល)៖ លោកនូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បាននាំយកអំណោយរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្តាល ជូនគ្រួសារក្រីក្រដែលខ្វះខាតស្បៀង ចំនួន១២០គ្រួសារ នៅឃុំព្រៃពួច ស្រុកអង្គស្នួល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសជួបសំណេះសំណាលនាពេលនេះ លោកបានសម្តែងការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង អាជ្ញាធរ និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាក នៅក្នុងភូមិសាស្រ្តរបស់ខ្លួន និងបានយកចិត្តទុកដាក់ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបំពេញការងាររក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អប្រសើរ ប្រកបដោយជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
លោក នូ សុវណ្ណរិទ្ធ ក៏បានក្រើនរំលឹក និងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សូមបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទីភារកិច្ច ឲ្យកាន់តែសកម្ម យកចិត្តទុកដាក់លើការងាររក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបន្តចូលរួមសាមគ្គីភាពផ្ទៃក្នុង។ អំណោយចែកជូនរួមមាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអុីវ១យួរ និងថវិកាមួយចំនួន៕