(ស្ទឹងត្រែង)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ក្រុមការងារបច្ចេកទេសគណៈកម្មការរដ្ឋបាល ដើមី្បការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំសេកុង ស្រុកសៀមប៉ាង និងឃុំកោះស្រឡាយ ស្រុកសៀមបូក។
ក្នុងកិច្ចប្រជុំនោះ លោក ប៉ែន លីណាត បានលើកពីគោលដៅសំខាន់ៗ ដែលក្រុមការងារបច្ចេកទេសគណៈកម្មការរដ្ឋបាលអនុវត្តនៅសេសសល់ ក្នុងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅឃុំសេកុង របស់ស្រុកសៀមប៉ាង និងឃុំកោះស្រឡាយ របស់ស្រុកសៀមបូក។ លោកអភិបាលរងខេត្ត បានជំរុញគណៈអភិបាលស្រុកទាំងពីរ លើការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដើមី្បឲ្យការចុះបញ្ជីជាលក្ខណៈប្រព័ន្ធទៅបាននោះ ស្រុកត្រូវធ្វើបច្ចុប្បន្នភាព និងរៀបចំក្រុមការងារថ្នាក់ស្រុកឲ្យមានគ្រប់សមាសភាពពាក់ព័ន្ធ។
លោក ប៉ែន លីណាត បានណែនាំដល់អាជ្ញាធរស្រុកទាំង២ និងការិយាល័យភូមិបាល ក្នុងពេលធ្វើប្លង់គោលត្រូវកំណត់ឲ្យបានច្បាស់នៅលើផែនទី ភូមិសាស្ត្រនៃមូលដ្ឋានខ្លួន ដោយកំណត់ពីទំហំផ្លូវ ថ្នល់ អូរ ប្រឡាយ ឬក៏ផ្លូវ អូរ ប្រឡាយ ស្រះមួយចំនួនត្រូវប្តូរប្រភេទប្រឡាយ ដែលឃុំ ស្រុករៀបចំទុកជាមុន។ ដើម្បីឲ្យកិច្ចដំណើការចុះបញ្ជីដីធ្លីបានលឿន លោកក្រើនរំលឹកដល់មន្ទីរជំនាញ និងមន្ទីរពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងប្រភេទដីធ្លី (ដីលំនៅដ្ឋាន និងដីស្រែចំការ) ឲ្យបានច្បាស់លាស់។
បើតាមការបញ្ជាក់ពី លោក ទេព ឌីលី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងកិច្ចការងារនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានកសាងនូវផែនទី៣ប្រភេទ គឺផែនទីព្រំប្រទល់ ផែនទីហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដីធី្ល ដោយត្រូវបានកំណត់ច្បាស់លាស់នូវទីប្រជុំជន ជាតំបន់លំនៅដ្ឋាន និងជម្រកព្រៃឈើ ដើមី្បលើកនូវផែនការអភិវឌ្ឍន៍មូលដ្ឋាន។
លោកបានសំណូមពរដល់មន្ទីរពាក់ព័ន្ធទាំងអស់ ជួយធ្វើការសម្របសម្រួល និងផ្តល់ទិន្នន័យបែបបច្ចេកទេសក្នុងការពន្លឿន លើការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធនេះ បានដំណើការទៅដោយរលូនផងដែរ៕