(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៉ីសេរី (RFA) ដែលផ្សាយករណីចាប់ខ្លួនលោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
សេចក្តីបំភ្លឺបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រហ្វេសប៊ុក RFA Khmer បានធ្វើការផ្សព្វផ្សាយព័ត៌មានជាឃ្លីបវីដេអូស្រង់សម្តីរបស់ឈ្មោះ សាន គន្ធា ត្រូវជាកូនស្រីរបស់លោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ដែលត្រូវបានចាប់ខ្លួន អមដោយចំណងជើងថា «បើដឹងថាគ្រាន់តែមិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឲ្យគាត់ទៅហើយ»។
រដ្ឋបាលខេត្តកំពង់ចាមពិនិត្យឃើញថា នេះជាការប្រឌិតព័ត៌មានផ្សព្វផ្សាយ ដែលមានចេតនាមួលបង្កាច់ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល បង្កើតឲ្យមានការយល់ច្រឡំនៅក្នុងស្រទាប់អ្នកសារព័ត៌មាន និងសាធារណជន។ ហេតុនេះ រដ្ឋបាលខេត្តកំពង់ចាមសូមធ្វើការបដិសេធចំពោះព័ត៌មានខាងលើនេះ និងសូមធ្វើការបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជន ឲ្យបានជ្រាបដូចខាងក្រោម៖
១-ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅ គឺមានតែថ្នាក់ដឹកនាំសំខាន់ៗពាក់ព័ន្ធប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីនេះពោលគឺពុំមានការអញ្ជើញប្រជាពលរដ្ឋ ឬមន្ត្រីរាជការទូទៅពីខេត្តកំពង់ចាម ទៅចូលរួមកម្មវិធីនេះឡើយ រាប់ទាំងលោក សាន អឿន ក៏ពុំមានការអញ្ជើញចូលរួមដែរ។
២-ការចូលរួមអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ គឺជាស្មារតីជាតិនិយម ដែលផុសឡើងដោយឆន្ទៈមនសិការបស់ប្រជាពលរដ្ឋតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ហើយក៏គ្មានការចាប់ទោសទណ្ឌចំពោះអ្នកដែលមិនបានចូលរួមគាំទ្រនោះឡើយ។
៣-យោងតាមសេចក្ដីថ្លែងការរបស់សាលាដំបូងរាជធានីភ្នំពេញ លោក សាន អឿន គឺជាបុគ្គលម្នាក់ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប្រព្រឹត្តនៅប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០២៤ មកម្លេះ។ ដូច្នេះ ការចាប់ខ្លួនបុគ្គលនេះ ពុំមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ ឡើយ។
រដ្ឋបាលខេត្តកំពង់ចាម សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មានរបស់ឈ្មោះ សាន គន្ធនិងការផ្សាយព័ត៌មានមិនពិត របស់គេហទំព័រ RFA Khmer និងសូមអ្នកសារព័ត៌មាន សាធារណជន មេត្តបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀត៕