(ឧត្ដរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ពុធ្ធ សារ៉ាន់ មេបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយមន្ដ្រីក្រោមឱវាទប្រមាណ៦០នាក់ ដើម្បីចែកអំណោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងលើកទឹកចិត្តក្នុងបំពេញភារកិច្ចការងារនាពេលកន្លងមក ដោយក្នុងនោះម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល ផងដែរ។ នេះសរបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ ពីសំណាក់ ឧត្តមសេនីយ៍ត្រី ពុធ្ធសារ៉ាន់ មេបញ្ជការកងរាជអាវុធហត្ថខេត្ត ចំពោះជីវភាព និងការរស់នៅរបស់នាយ នាយរង អាវុធហត្ថនៅក្នុងខេត្តទាំងមូល។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ពុធ្ធ សារ៉ាន់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «អំណោយនេះទោះមិនបានបំពេញ តាមសេចក្តីត្រូវការរបស់យើង ក៏ពិតមែន តែវាអាចដោះស្រាយការលំបាក បានមួយគ្រាៗផងដែរ»។ ជាមួយគ្នានោះដែរ លោកមេបញ្ជាការ ក៏បានដាស់តឿនដល់ នាយ នាយរង អាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋជាពិសេស នៅតាមវត្តអារាម តាមដងផ្លូវ នារដូវកាន់បិណ្ឌ ដាក់វេណ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលមានបងប្អូនប្រជាពលរដ្ឋជាច្រើន មកធ្វើបុណ្យតាមវត្តអារាមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន៕