(ភ្នំពេញ)៖ លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានយល់ឃើញថា វត្តមានសាកលវិទ្យាល័យ De Montfort នៅកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេសក្នុងការបន្តការអភិវឌ្ឍរបស់កម្ពុជានឹងធានាថាយុវជនកម្ពុជាកាន់តែច្រើនអាចទទួលបានការអប់រំលំដាប់ពិភព និងអភិវឌ្ឍជំនាញដែលត្រូវការដើម្បីទ្រទ្រង់អត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា។
ការបង្ហាញការយល់ឃើញបែបនេះរបស់ឯកអគ្គរាជទូតអង់គ្លេស បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញចូលរួមសម្ពោធសាខាសាកលវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេនៅកម្ពុជា បានប្រារព្ធឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Dominic Williams MBE បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសាកលវិទ្យាល័យ De Montfort បានបើកសាខាមួយនៅក្នុងប្រទេសកម្ពុជា ខ្ញុំយល់ឃើញថា នេះជាការរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេសក្នុងការបន្តការអភិវឌ្ឍន៍របស់កម្ពុជា។ សាកលវិទ្យាល័យ De Montfort កម្ពុជានឹងធានាថាយុវជនកម្ពុជាកាន់តែច្រើនអាចទទួលបានការអប់រំលំដាប់ពិភព និងអភិវឌ្ឍជំនាញដែលត្រូវការដើម្បីទ្រទ្រង់អត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា»។
ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានថ្លែងថា ជាមួយនឹងវត្តមានបន្ថែមរបស់សាកលវិទ្យាល័យ De Montfort ដល់សមាជិកស្ថាប័នអប់រំអង់គ្លេសនៅកម្ពុជា ឥឡូវនេះ យុវជនកម្ពុជាអាចសិក្សានៅស្ថាប័នចក្រភពអង់គ្លេស នៅទីនេះក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំសិក្សាដំបូងរហូតដល់កម្រិត ក្រោយឧត្តមសិក្សា។ លោកជឿថា សិស្សានុសិស្ស និងមាតាបិតាជាច្រើននឹងផ្តល់តម្លៃដល់ឱកាសដើម្បីទទួលបានការអប់រំ លំដាប់ពិភពលោក ខណៈពេលដែលនៅមានទំនាក់ទំនងជាមួយគ្រួសារ សហគមន៍របស់ពួកគេ និងវប្បធម៌ខ្មែរដ៏សម្បូរបែប។
បើតាមលោក Sakina Zafar ប្រធានប្រតិបត្តិ សាកលវិទ្យាល័យ De Montfort កម្ពុជា បានបន្ថែមថា៖ «ខ្ញុំសូមអរគុណសម្តេច នាយករដ្ឋមន្ត្រី ដែលបានថ្លែងសុន្ទរកថាដ៏បំផុសគំនិត ដោយផ្តោតលើសារៈសំខាន់នៃការអប់រំ និងតួនាទីរបស់ការអប់រំអាច ដើរតួក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ យើងរីករាយក្នុងការស្វាគមន៍និស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាដំបូង របស់យើង។ ជាលើកដំបូងពួកគេនឹងអាចសិក្សានៅក្នុងស្រុកសម្រាប់សញ្ញាបត្រចក្រភពអង់គ្លេសនៅសាខាសាកលវិទ្យាល័យអង់គ្លេស ដោយទទួលបានអត្ថប្រយោជន៍ពីគុណសម្បត្តិដែលទទួលស្គាល់ជាសាកលនៃការទទួលបានការអប់រំនៅ សាកលវិទ្យាល័យចក្រភពអង់គ្លេស។
និស្សិតរបស់យើងបានជ្រើសរើសសិក្សាកម្មវិធីសញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ធុរកិច្ច និងបច្ចេកវិទ្យាដែលមានឥទ្ធិពល និងកម្មវិធី ក្រោយឧត្តមសិក្សាសកល MBA។ កម្មវិធីសិក្សាទាំងអស់នេះនឹងត្រូវបានបង្រៀនដោយក្រុមសិក្សាអន្តរជាតិដែលស្តង់ដារ សិក្សារបស់ចក្រភពអង់គ្លេស ហើយសិស្សនឹងបានទទួលសញ្ញាបត្ររបស់ពួកគេពីសាកលវិទ្យាល័យ De Montfort នេះនៅ ចក្រភពអង់គ្លេស។
រួមបញ្ចូលគ្នាជាមួយនឹងឱកាសបណ្តាញសកលវិទ្យាល័យរបស់សាកលវិទ្យាល័យ De Montfort សិស្សរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍សិក្សាអន្តរជាតិពិតប្រាកដ។ យើងទន្ទឹងរង់ចាំក្លាយជាផ្នែកមួយនៃដំណើរអប់រំរបស់ពួកគេ និងគាំទ្រពួកគេដើម្បីបំពេញសក្តានុពលរបស់ពួកគេ»។
សាកលវិទ្យាល័យ De Montfort (DMU) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ គឺជាស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុង Leicester ចក្រភពអង់គ្លេស ដែលមានរយៈពេលជាង ១៥០ឆ្នាំ បានផ្តល់ការបង្រៀនបំផុសគំនិតដល់និស្សិត ហើយកំពុងនាំមកនូវការយកចិត្តទុកដាក់លើឧត្តមភាព និងបង្កើតផលវិជ្ជមានជាសាកលដល់ប្រទេសកម្ពុជា។ ថ្នាក់ក្រោយឧត្តមសិក្សា នឹងចាប់ផ្តើមនៅដើមសប្តាហ៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងថ្នាក់បរិញ្ញាបត្រដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤៕