(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២:៣០នាទី ក្រុមមេធាវីរាជរដ្ឋាភិបាល បានទទួលជួបជាមួយប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក លើកទី១០ ចំនួន៤០៣រូប (គិតមកទល់ពេលនេះប្រជាពលរដ្ឋដែលបានជួប ប្រគល់សិទ្ធិជូនក្រុមមេធាវីរាជរដ្ឋាភិបាលទាំង១០លើក មានចំនួនសរុប ៣៣៥៤រូប)។
ក្រុមមេធាវីរាជរដ្ឋាភិបាល រួមជាមួយក្រុមការងារជំនួយ ដឹកនាំដោយឯកឧត្តមគី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នឹងបន្តទទួលជួបប្រជាពលរដ្ឋរងគ្រោះ លើកទី១១ ចំនួនប្រហែល៤០០រូបទៀត នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ។
ក្នុងជំនួបលើកនេះ ឯកឧត្តមប្រធានគី តិច បានបញ្ជាក់ច្បាស់ៗ នូវចំណុចសំខាន់ៗ ដែលចាំបាច់ត្រូវតែធ្វើជំនួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងគោលដៅពីរជាមូលដ្ឋានច្បាប់គឺ ( ទី១ )-ទទួលបានការប្រគល់សិទ្ធិពេញលេញពីពលរដ្ឋរងគ្រោះជូនក្រុមមេធាវីរាជរដ្ឋាភិបាល និងដោយស្ម័គ្រចិត្ត ស្របតាមច្បាប់កំណត់ និង( ទី២) បញ្ជាក់អង្គហេតុ ឬកម្មវត្ថុ និងប្រមូលយកភស្តុតាងជាក់លាក់ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានរឹងមាំក្នុងការការពារក្តីតាមផ្លូវច្បាប់ ជូនប្រជាពលរដ្ឋរងគ្រោះ ។
នៅក្នុងជំនួបនេះដែរ ប្រជាពលរដ្ឋរងគ្រោះក៏បានសំដែងនូវការគោរពអរគុណដល់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងសម្តេចតេជោហ៊ុន សែន ដែលជានិច្ចកាលលោកតែងតែគិតគូរ ការពារសិទ្ធិ និងផលប្រយោជន៏ ជូនប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ឋាន:នាទី និងនិន្នាការនយោបាយ ឡើយ ។
តំណាងក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា ទោះបីមានប្រជាពលរដ្ឋរងគ្រោះ នៅតែបន្តស្នើសុំការប្រគល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាល តែឯកសារពាក់ព័ន្ធដែលប្រជាពលរដ្ឋបានផ្តល់គ្រប់គ្រាន់កន្លងទៅក្រុមមេធាវីការពារក្តី ក៏បានសម្រេចដាក់ចូលតាមនីតិវិធីទៅសាលាដំបូង ខេត្តសៀមរាប ជាបណ្តើៗហើយដែរ៕