(ភ្នំពេញ)៖ កន្លងមកបុគ្គលមួយចំនួនបានធ្វើការផ្សព្វផ្សាយសារ និងមាតិកាខុសច្បាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ រូបភាពនិងវីដេអូអាសអាភាសកុមារ ព័ត៌មានមិនពិត ក្លែងបន្លំ និងបោកបញ្ឆោត ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងអ្នកប្រើប្រាស់សេវាទូរគមនាគមន៍។
ដោយទទួលបានការសហការយ៉ាងជិតស្និទពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាពីសាធារណជន និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការបិទខ្ទប់ការចូលមើល គេហទំព័រ និងអាសយដ្ឋានអាយភី (IP Address) ពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់ដូចបានជម្រាបជូនខាងលើជាបន្តបន្ទាប់ សរុបចំនួន ៧,៣២៣គេហទំព័រ /អាសយដ្ឋានអាយភី នាពេលកន្លងមក។
ដោយឡែកថ្មីៗនេះ ន.ទ.ក. ក៏បានចាត់វិធានការបិទខ្ទប់គេហទំព័រខុសច្បាប់ចំនួន ១,៩៦៥ នៅថ្ងៃទី៦ ខែសីហាឆ្នាំ២០២៤ និងចំនួន៤៨៩ផ្សេងទៀត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
ន.ទ.ក. សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមជាមួយ ន.ទ.ក. ក្នុងការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ការខ្លួនពីផលប៉ះពាល់ដោយសារអំពើដូចបានរៀបរាប់ខាងលើ តាមរយៈរាយការណ៍មកន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ប្រសិនបើសាធារណជនទទួលបានការផ្សព្វផ្សាយសារនិងមាតិកាខុសច្បាប់ ឬដឹងអំពីករណី នៃការផ្សព្វផ្សាយនេះដោយ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន៕