(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យ ប្រតិភូយុវជនវ័យក្មេងចំនួន ៨រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល មុននឹងចេញដំណើរ ទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី២០២៤ នៅប្រទេសជប៉ុន ។
លោកជំទាវបណ្ឌិត បានអបអរសាទរយុវជនទាំង៨រូប ដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី២០២៤ នៅប្រទេសជប៉ុន ដើម្បីលើកកម្ពស់មិត្តភាពអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នារវាងយុវជនមកពីបណ្តាប្រទេសផ្សេងៗ មានដូចជា ចិន ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ថៃ ជប៉ុន វៀតណាម ទ្បាវ និងមីយ៉ាន់ម៉ា។
លោកជំទាវបណ្ឌិត បានបន្តទៀតថា ការចូលរួមរបស់យុវជនទាំង៨រូប គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានចែករំលែកបទពិសោធន៍អំពីភាពជាអ្នកដឹកនាំដល់យុវជនទាំង៨រូប ព្រមទាំងបានណែនាំពួកគេឱ្យសិក្សាឈ្វេងយល់ពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ដើម្បីជាទុនបង្ហាញទៅដល់បណ្តាប្រទេសជាមិត្តដទៃទៀត។
ប្រតិភូយុវជនទាំង៨រូប បានគោរពថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ល្អៗ ជាទុនគំនិតដ៏សំខាន់ក្នុងការត្រៀមខ្លួនចេញទៅបង្ហាញសមត្ថភាពជាអ្នកដឹកនាំជាមួយបណ្ដាយុវជនមកពីប្រទេសចំនួន៨ទៀតនៅក្នុងតំបន់អាស៊ី៕