(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានណែនាំវិធានការជាក់លាក់ចំនួន៩ចំណុច និងអនុសាសន៍មួយចំនួនទៀតដល់កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធនឹងកិច្ចការនៅតាមច្រកទ្វារព្រំដែនទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និងតាមខេត្តជាប់ថៃ ដើម្បីលុបបំបាត់ភាពមិនប្រក្រតី បាតុភាពអសកម្ម លុបបំបាត់ការយកកម្រៃក្រៅផ្លូវការ និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញបែបបទឯកសារធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែន។
ការដាក់ចេញវិធានការទាំងនេះធ្វើឡើងក្នុងឱកាសលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តនៃក្រុមការងារទី២ របស់គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំច្រកទ្វារអន្តជាតិប៉ោយប៉ែត។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្សព្វផ្សាយគោលការណ៍ និងវិធានការទាំង៩ចំណុច ហើយក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់ធ្វើការលុបបំបាត់ភាពមិនប្រក្រតី បាតុភាពអសកម្ម លុបបំបាត់ការយកកម្រៃក្រៅផ្លូវការ ក្នុងការបំពេញបែបបទឯកសារធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែន ព្រមទាំងពិភាក្សាការងារដែលត្រូវអនុវត្តជាក់ស្តែងក្នុងការត្រួតពិនិត្យដោះស្រាយ និងដាក់ចេញវិធានការដល់ស្ថាប័នពាក់ព័ន្ធតាមបណ្តាច្រកទ្វារព្រំដែនក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋខ្មែរ និងពលករក្នុងការចេញចូលឆ្លងដែន មិនឱ្យមានការកកស្ទះ និងធានានូវភាពស្របច្បាប់ក្នុងការឆ្លងដែនចេញចូលរបស់ពួកគាត់។
វិធានការទាំង៩ចំណុចដែលលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានដាក់ចេញនោះ រួមមាន៖
១-សមត្ថកិច្ចឈរជើងតាមច្រកទ្វារព្រំដែន ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់ដំណើចេញ-ចូលរបស់ពលករខ្មែរតាមបណ្ដារច្រកទ្វារព្រំដែនឱ្យបានឆាប់រហ័សទាន់ពេលវេលា និងស្របច្បាប់
២-ចាត់វិធានការដើម្បីពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមច្រកទ្វារព្រំដែន
៣-ក្រើនរំលឹកនិងណែនាំដល់សមត្ថកិច្ចតាមបណ្ដារច្រកទ្វាព្រំដែនទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកកម្រៃក្រៅផ្លូវការពីពលករ
៤-ថ្នាក់ដឹកនាំខេត្តត្រូវជំរុញសមត្ថកិច្ចច្រកទ្វារព្រំដែនតាមដានជាប្រចាំ អំពីស្ថានភាពនៃការធ្វើដំណើរចេញ-ចូលរបស់ពលករខ្មែរ និងធ្វើរបាយការណ៍មកក្រុមការងារទី២ នៅវេលាម៉ោង៤៖៣០នាទី ជារៀងរាល់ថ្ងៃ
៥-អនុវត្តនូវវិធានការបិទច្រករបៀងទាំងអស់ក្នុងដែនសមត្ថកិច្ចឈរជើងរបស់ខ្លួន ដើម្បីបញ្ជៀសពីការបោកប្រាស់របស់មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់
៦-គ្រប់គ្រងស្ថិតិ និងរំហូរពលករចេញ-ចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង
៧-ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកឃុបឃិតដែលអូសទាញពលករឲ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព
៨-អាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែនត្រូវសហការសម្របសម្រួលជាមួយអាជ្ញាធរថៃ ដើម្បីបង្កភាពងាយស្រួលដល់ដំណើចេញ-ចូលរបស់ពលករខ្មែរស្របច្បាប់
៩-ផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមសហការ និងរាយការណ៍នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្ដារច្រកទ្វារព្រំដែន។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានសោតទស្សន៍បន្តការផ្សព្វផ្សាយជាទូទៅដល់សាធារណជនពីកិច្ចការរបស់ក្រុមការងារទី២នៃគណៈកម្មការចំពោះកិច្ច។ ម្យ៉ាងទៀត អគ្គនាយកដ្ឋានសោតទស្សន៍ក៏ត្រូវពង្រឹងប្រព័ន្ធទូរស័ព្ទ Hotline ដោយមានក្រុមទទួលការងារប្រចាំការជាប់លាប់ ដោះស្រាយបញ្ហាផ្សេងៗជូនសាធារណជន និងពលករ។
លោករដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការត្រួតពិនិត្យ បាតុភាពអសកម្មផ្សេងៗចាប់ពីកម្រិតតូចៗ កុំឲ្យរាលដាលដល់បញ្ហាធំដែលនាំឲ្យមានការរំខានការធ្វើដំណើភ្ញៀវទេសចរ និងបាត់បង់ចំណូលថវិកាជាតិ។
លោកបានបន្តណែនាំឱ្យគ្រប់គ្រងការបម្រើសេវានានាដល់អ្នកដំណើរចេញចូលនៅតាមច្រក ចៀសវាងការបង្កលក្ខណៈលំបាកស្មុគ្រស្មាញ ឬភាពមិនប្រក្រតីណាមួយដល់អ្នកដំណើរ និងពលករកម្ពុជា ពិសេសត្រូវចាំថាមន្ត្រីតាមច្រកនីមួយៗ គឺជាមុខមាត់របស់ប្រទេសផងដែរចំពោះភ្ញៀវអន្តរជាតិ។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានណែនាំឱ្យពង្រឹងការគ្រប់គ្រងការចេញចូលប្រចាំថ្ងៃរបស់ពលករ កត់ត្រាទិន្នន័យឱ្យបានច្បាស់លាស់ ចៀសវាង និងកាត់បន្ថយការគេចខ្លួនរបស់គាត់ដោយប្រើប្រាស់ច្រករបៀង ឬច្រកធម្មជាតិសម្រាប់ឆ្លងកាត់ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ។
ចំណែកអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក៏ត្រូវបន្ថែមល្បឿនការងាររបស់ខ្លួន ដើម្បីបម្រើសេវាឱ្យទាន់ពេល និងបានល្អ ចៀសវាងការឃុបឃិតជាមួយអ្នករត់ការក្រៅផ្លូវការ ក៏ដូចជាធ្វើការសម្របសម្រួលជាមួយភាគីថៃ ដើម្បីសម្រួលដំណើរចេញចូលរបស់ពលករខ្មែរនិងសាធារណជន និងការផ្ដល់បណ្ណព្រំដែនជាដើម ដើម្បីកុំឱ្យមានការកកស្ទះ។
ក្រៅពីនេះក៏ត្រូវជំរុញការអប់រំផ្សព្វផ្សាយក្នុងសហគមន៍ស្ដីពីការធ្វើទេសន្តរប្រវេសន៍ដែលត្រឹមត្រូវ ចៀសវាងការចាញ់ឆបោកមេខ្យល់ ក៏ដូចជាពន្យល់ពីភូមិសាស្រ្តដែនព្រំប្រទល់រវាងកម្ពុជា-ថៃ ដែលអាចបង្កគ្រោះថ្នាក់ ដោយការចាប់ខ្លួនពីភាគីថៃ ពីបទលួចចូលដែនដីខុសច្បាប់។ ត្រូវគិតគូររឿងអាណាធិបតេយ្យនៅមាត់ច្រកទ្វារ ជាពិសេសច្រកទ្វារអន្តរជាតិ បាត់សណ្ដាប់ធ្នាប់ និងត្រូវពិនិត្យរឿងអានាម័យ៕