(ពោធិ៍សាត់)៖ កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗ នឹងបានដាក់ឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីផ្លូវដែកនេះរងការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានពង្រឹងទីតាំង ដែលមានទឹកដក់បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា ដោយពង្រឹងគ្រឹះ ចាក់ថ្ម និងធ្វើប្រព័ន្ធលូដើម្បីបញ្ចៀសទឹកបណ្តាលឱ្យប៉ះពាល់ដល់តួផ្លូវ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបងឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូ(ទូទទេ)មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ៕