(កំពត)៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន ៩៦,១០%ហើយ គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤នេះ។
បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះទៀតថាជាសក្ខីភាពនៃវឌ្ឍនភាពក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញឱ្យលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ ព្រមទាំងក្រុមការងារការដ្ឋានយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។
ក្រុមការងារត្រួតពិនិត្យដឹកនាំដោយលោក ខាន់ ម៉ាណេរ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី PMU/PIU ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនត្រួតពិនិត្យបចេ្ចកទេស WACC ប្រធានមន្ទីសាធារណការ តាកែវ និងកំពត អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួមពិនិត្យពិភាក្សាលើដំណើរការសាងសង់ស្ថានីយ៍ជញ្ជីងថ្មីជាមួយក្រមការងារត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ផងដែរ។
យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះលការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ)គ្រោងបញ្ចប់បំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ទន្ទឹមនឹងការចុះពិនិត្យជាប្រចាំលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងបានធ្វើឡើងជាប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី ជាការផ្សាយព័ត៌មានមិនពិត និងជាការបំភ្លៃការពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិតដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ៕