(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី និងបណ្តាញសង្គមមួយចំនួន ដែលបំភ្លៃថា «បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូត ដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការនាំខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន រឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាសំណុំរឿងផ្សេងប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោ ដូចការផ្សព្វផ្សាយចោទប្រកាន់នោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល, កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ មានគេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់ដោយខុសការពិតតៗគ្នា ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក សាន អឿន ដោយបំភ្លៃថាការចាប់ខ្លួនបុគ្គលរូបនោះ គឺដោយសារការមិនទៅចូលរួមគាំទ្រព្រែកជីកហ្វូនណនតេជោ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ឈ្មោះ សាន អឿន និងបក្ខពួក ដែលត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទឈ្មោះ សាន អឿន ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២២៣ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ។
អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះការលើកឡើងរបស់ឈ្មោះ សាន គន្ធា ត្រូវជាកូនស្រីរបស់ឈ្មោះ សាន អឿន ថា «បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ» និងការបង្ហោះរបស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការអនុវត្តច្បាប់នៅក្នុងសំណុំរឿងនេះ។ ដូចនេះ គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបន្តទៀត។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ការនាំខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអង្គហេតុ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូចបានបញ្ជាក់ខាងលើ គឺ មិនពាក់ព័ន្ធ នឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី ជាការផ្សាយព័ត៌មានមិនពិត និងជាការបំភ្លៃការពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិតដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ៕