(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ភាគីកម្ពុជា និងចិន បានសហការរៀបចំកម្មវិធីពិព័រណ៍ និងការសម្តែងសិល្បៈ ក្រោមប្រធានបទ «តែនិងពិភពលោក៖ ភាពសុខដុមរមនាសាកល» ដោយជោគជ័យ ដើម្បីអបអរសាទរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីមន្ត្រី ភ្ញៀវកិត្តិយស និងសិស្សានុសិស្សនៃប្រទេសទាំងពីរ។
នៅក្នុងសុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត លោកបានគូសបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសកំណើតនៃតែ ហើយ "បច្ចេកទេសធ្វើតែបែបប្រពៃណីចិន និងទំនៀមទម្លាប់ដែលពាក់ព័ន្ធ" ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងអង្គការយូណេស្កូក្នុងឆ្នាំ ២០២២។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាក៏មានវប្បធម៌តែផងដែរ ហើយភេសជ្ជៈតែក៏កំពុងក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងជីវិតប្រចាំថ្ងៃរបស់មិត្តភក្តិកម្ពុជាជាច្រើនរូបផងដែរ។ តែបានក្លាយជាវិធីសាស្រ្តដ៏សំខាន់មួយសម្រាប់ប្រជាជនចិននិងប្រជាជនកម្ពុជា ក្នុងការរាប់អានស្គាល់គ្នា និងការផ្លាស់ប្តូរសិក្សាពីគ្នាទៅវិញទៅមក រវាងអរិយធម៌ចិន និងអរិយធម៌កម្ពុជាផងដែរ។ ថ្ងៃនេះ យើងរៀបចំកម្មវិធីវប្បធម៌តែនៅទីនេះ ដោយសង្ឃឹមថា យើងនឹងយកតែជាវិធីសាស្រ្ត និងជាឱកាសក្នុងការស្គាល់គ្នា ដើម្បីជំរុញចំណងមិត្តភាពរវាងប្រជាជនទាំងពីរ»។
លោកឯកអគ្គរដ្ឋទូតចិន បានបន្ថែមថា «ប្រទេសចិន និងកម្ពុជា តែងតែជាមិត្តល្អ ជាមិត្តពិតប្រាកដ ដែលមានអត្តចរិកស្រដៀងគ្នា និងស្គាល់ចិត្តស្គាល់ថ្លើមគ្នា ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរបានឆ្លងកាត់ពេលវេលា និងការសាកល្បងនៃការផ្លាស់ប្តូរស្ថានការណ៍អន្តរជាតិ ធ្វើឱ្យចំណងមិត្តភាពមួយនេះកាន់តែរឹងមាំនិងកាន់តែយូរអង្វែង»។
លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិន-កម្ពុជា ប្រាកដជានឹងរីកចម្រើនដូចដើមតែ ដែលលូតលាស់រីកធំធាត់ និងក្រអូបសាយភាយដូចស្លឹកតែ។
ក្នុងឱកាសនោះ លោកជំទាវ ភឿង សកុណា បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលជានិច្ចកាល បានផ្តល់នូវកិច្ចសហការនិងសម្របសម្រួលលើគ្រប់កម្មវិធីនិងព្រឹត្តិការណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ ដូចជានៅក្នុងប្រទេសចិន ដែលនាំឱ្យប្រទេសយើងទាំងពីរអាចរៀបចំនិងប្រារព្ធរួមគ្នានូវការងារជាច្រើន ដោយរាប់បញ្ចូលទាំងព្រឹត្តិការណ៍សិល្បៈ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរអ្នកជំនាញ ទាំង ទៅលើវិស័យអភិរក្សបេតិកភណ្ឌ វិស័យសិល្បៈ និងវិស័យភាពយន្តជាដើម។
តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ បានប្តេជ្ញានឹងធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថានទូតចិននៅភ្នំពេញ ដើម្បីបន្តពង្រីកសកម្មភាពរួមគ្នា ចូលរួមដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរ ទៅតាមជំហរដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ថ្នាក់ដឹកនាំកំពូល នៃរដ្ឋាភិបាលរបស់ប្រទេសទាំងពីរគឺ «មិត្តភាពដែកថែបកម្ពុជា-ចិន»។
ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសនៃប្រទេសទាំងពីរ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមភ្លក្សរសជាតិតែពិសេស ដែលមានប្រភពមកពីខេត្តយូណាន ប្រទេសចិន រីករាយនឹងការសម្តែងសិល្បៈកម្ពុជា-ចិន ទទួលបានបទពិសោធន៍ក្រណាត់ជ្រលក់ពណ៌ធម្មជាតិរបស់ប្រទេសចិន និងរីករាយជាមួយភាពទាក់ទាញនៃការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។
សូមបញ្ជាក់ផងដែរថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានសម្ពោធជាផ្លូវការកាលពីខែមករា នៅខេត្តសៀមរាប ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាមានប្រវត្តិដ៏យូរលង់ ហើយការផ្លាស់ប្តូរវប្បធម៌ដើរតួនាទីមិនអាចខ្វះបានប្រៀបដូចជាស្ពាន និងចំណង។ ទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្នបានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍ចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា ហើយការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរក៏កំពុងបោះជំហានទៅមុខថ្មីមួយផងដែរ៕