(ភ្នំពេញ)៖ ព្រោះតែកុមារមានបញ្ហាអូទីស្សឹមមានការកើនឡើង ជាហេតុធ្វើឲ្យសាលាអប់រំពិសេស នៃការលូតលាស់ ដែលទទួលការអប់រំកុមារទាំងនេះ ត្រូវបានថវិកាដើម្បីសាងសង់អគារសិក្សា និងបំពាក់សម្ភារបន្ថែម ហេតុដូច្នេះហើយទើបថ្នាក់ដឹកនាំសាលា សូមអំពាវនាវឲ្យមានការបរិច្ចាគពីថ្នាក់ដឹកនាំ និងសប្បុរសជននានា។
នៅក្នុងលិខិតអំពាវនាវរបស់ខ្លួន លោកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេស នៃការលូតលាស់ បានឲ្យដឹងថា សាលានេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ក្នុងផ្ទះល្វែងមួយ នៅជិតព្រះសហគមន៍ព្រះកុមារយេស៊ូបឹងពុន ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាលាអប់រំពិសេស នៃការលូតលាស់ ជាសាលាទី១ ដែលធ្វើការអប់រំពិសេសតែជាមួយកុមារដែលមានបញ្ហាអូទីស៊ឹមតែប៉ុណ្ណោះ ហើយក៏ជាសាលាមួយដែលមិនស្វែងរកប្រាក់ចំណេញ។
លោកស្រីបានបន្តថា ពេលដំបូងសាលាមានកុមារត្រឹមតែ៦នាក់គត់ ប៉ុន្តែមកទល់បច្ចុប្បន្ននេះសាលាបានទទួល កុមាររហូតដល់ ៣១៥នាក់ ហើយក៏មានកុមារដែលបាននិងកំពុងរង់ចាំមួយចំនួនទៀត ដោយសារបន្ទប់រៀន របស់សាលាមានសភាពតូចចង្អៀត ហើយតម្រូវការរបស់អាណាព្យាបាលដែលមានកូនអូទីស្សឹមមានកាន់តែច្រើន ទើបគណៈកម្មាការនៃព្រះសហគមន៍ បានសម្រេចអនុញ្ញាត ឲ្យសាលាសាងសង់អគារថ្មីនៅលើដីមួយកន្លែង ក្នុងព្រះសហគមន៍ព្រះកុមារយេស៊ូ អគារមួយនេះ នឹងត្រូវសាងសង់ឡើងកម្ពស់១០ជាន់ ដើម្បីបំពេញតម្រូវការរបស់កុមារ អាណាព្យាបាល និងគ្រូអប់រំពិសេសក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ដោយហេតុនេះសាលា សូមអំពាវនាវដល់ សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និង សប្បុរសជនទាំងឡាយ ចូលរួមជា ថវិការ ក៏ដូចជាសម្ភារផ្សេងៗ ដើម្បីអោយកុមារមានអគារសិក្សាដែលមាន ស្តង់ដារ និងធំទូលាយ។
គណៈគ្រប់គ្រងសាលា អាណាព្យាបាល និងកុមារមានបញ្ហាអូទីស្សឹម ព្រមទាំងបុគ្គលិក សាលាអប់រំពិសេសនៃការលូតលាស់ នឹងកត់ត្រា ហើយចងចាំនូវទឹកចិត្តសប្បុរសរបស់អ្នកឧបត្ថម្ភទាំងអស់៕