(កំពង់ធំ)៖ ក្រុមសមាជិកាព្រឹទ្ធសភា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីជួបសំណេះសំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងជាស្ត្រី ក្រោមអធិបតីភាពលោកស្រី មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ក្នុងនោះមានការចូលរួមពីលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្ត្រី មន្ទីរកិច្ចការនារី មន្ទីរព័ត៌មាន អភិបាលរងក្រុង-ស្រុក និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តកំពង់ធំប្រមាណជាង២០០នាក់។
លោកស្រី មាន សំអាន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុកពីសម្តេចប្រធានព្រឹទ្ធសភា និងបានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមនៅទីនេះ។ លោកបានលើកឡើងថា ពិធីជួបសំណេះសំណាលនេះមានគោលបំណងដើម្បីលើកទឹកចិត្ត និងបង្កើននូវទំនាក់ទំនងភាពជិតស្និទ្ធរវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ រួមគ្នាក្នុងការពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង និងចែករំលែកបទពិសោធន៍ការងារល្អៗ បញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។
លោកស្រីបន្តថា ការពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពក្លាហានក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីឱ្យកាន់តែប្រសើរឡើង និងបានវាយតម្លៃខ្ពស់ចំពោះសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ទាំងអស់ដែលបាខិតខំបំពេញតួនាទីរបស់ខ្លួនបានល្អ។
លោកស្រីបានជំរុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្រុក-ក្រុង ឃុំ-សង្កាត់ សូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងស្រុក ឃុំ និងត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។
លោកស្រីបានផ្តល់នូវទស្សន:សំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ ថ្នាក់ដឹកនាំក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាស្ត្រី ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗដែលទទួលបានពីពិធីសំណេះសំណាលនេះទៅចែករំលែក និងផ្សព្វផ្សាយបន្តជូនមន្ត្រី ដោយប្រែក្លាយពីទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង សំដៅរួមគ្នាចូលរួមគាំទ្រការពារសិទ្ធិ ផលប្រយោជន៍របស់ស្ត្រី និងក្មេងស្រី៕