(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ «Gumball 3000 Rally» លើទឹកដីកម្ពុជា រៀបចំដោយក្រុមហ៊ុន «Gumball 3000» នៅខែកញ្ញា ឆ្នាំ២០២៤នេះ។
នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្តែងការគួរសម និងជម្រាបព័ត៌មានមួយចំនួនពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិនៅលើទឹកដីកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមនេះ លោក Maximillion Cooper បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានា និងសុខសន្តិភាពនៅកម្ពុជាផងដែរ។
ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។
ខួប២៥ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន ក្រុមហ៊ុន Gumball 3000 នឹងរៀបចំព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តកម្រិតអន្តរជាតិ «Gumball 3000 Rally» ដោយមានអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស។ ព្រឹត្តិការណ៍នេះ នឹងការឆ្លងកាត់នៅប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
ព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ នឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។
សម្តេចធិបតី ក៏បានអរគុណមូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏ធំ ដោយមានប្រមូលផ្ដុំរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។
ចំពោះការមកដល់កម្ពុជា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននោះឡើយ។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញរថយន្តទំនើបៗ អមជាមួយការប្រគំតន្ត្រីខ្នាតយក្ស ដែលរៀបចំឡើងដោយក្រុមហ៊ុនយក្ស ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍កម្ពុជា។
ព្រឹត្តិការណ៍នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយរៀបចំឡើងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប។
ព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ មានក្នុងគោលបំណងសំខាន់ចំនួន៤ គឺ ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៌ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកផងដែរ៕