Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាសម្រេចបញ្ជូនជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ ទៅកាន់ក្រសួងមហាផ្ទៃវិញ ថ្ងៃស្អែកបន្តការសាកសួរទៀត

23-09-2016 18:28

(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង១៨៖០០ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យ៨នាក់ ដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នោះ ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនត្រឡប់ទៅកាន់ក្រសួងមហាផ្ទៃវិញ ដោយនឹងបន្តការសាកសួរបន្តទៀតនៅថ្ងៃស្អែក។

ជនសង្ស័យ៨នាក់នោះមានជនដៃដល់ មេខ្លោង និងអ្នកផ្សំគំនិតដែលក្នុងនោះក៏មានជនជាតិវៀតណាម៣នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃ បង្ហាញមុខនៅព្រឹកមិញនេះ មុនពេលបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ។ នាគ្រាដែលបញ្ជូនទៅដល់តុលាការក្រុងភ្នំពេញ ពួកគេក៏ត្រូវបានចោទសួរដោយព្រះរាជអាជ្ញារង ហ៊ឺង ប៊ុនថន ផងដែរ។

បើតាមសមត្ថកិច្ច, ករណីនេះមិនមែនជា ការបង្កចលាចលនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជារឿងគំនុំសុទ្ធសាធដែលមានមេខ្លោងឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ បានព្យាយាមបោកគ្រាប់បែក សម្លាប់ជនរងគ្រោះឈ្មោះ អៀ គឹមហួរ ប៉ុន្តែមិនបានសម្រេចគ្រាន់តែរបួសប៉ុណ្ណោះ ហើយថាការតាមធ្វើឃាតជនរងគ្រោះបែបនេះ បានធ្វើឡើងម្តងរួចទៅហើយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

សូមជំរាបថា កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ៕