(សៀមរាប)៖ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានប្តេជ្ញានឹងដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ឲ្យបាន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំ ដើម្បីលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាន ព្រមទាំងកែប្រែក្រុងសៀមរាបឲ្យក្លាយជាតំបន់បៃតង ព្រោះថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាសផងដែរ។
ការប្តេជ្ញាយ៉ាងដូច្នេះរបស់លោក យុន លីនណេ ក្នុងយុទ្ធនាការដាំដើមក្ងោក ចំនួន២០០ដើម នៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដែលគាំទ្រពីសមាគមសហគ្រិនស្ត្រីកម្ពុជា សហការជាមួយរដ្ឋបាល ខេត្ត ក្រុង សង្កាត់ និងធ្វើការដាំនៅអមដងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ នៅភូមិសាស្ត្រភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានចូលរួមពីតំណាងមន្ទីរ-អង្គភាព អាជ្ញាធរ ក្រុង តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា និងចៅសង្កាត់ មេភូមិ ប្រជាការពារ ព្រមទាំងសិស្សានុសិស្សផងដែរ។
ពិធីដាំដើមឈើ ដែលបានកំពុងប្រារឰនាពេលនេះ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងសមត្ថកិច្ចទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជា ជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។
ការចូលរួមដាំដើមឈើនាពេលនេះ បានបង្ហាញឲ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដមពីគ្រប់មជ្ឈដ្ឋាន ដល់ចលនា ដាំដើមឈើ ដោយចាត់ទុកចលនានេះ ជាកតព្វកិច្ចដ៏ចំបង ដើម្បីផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាប និងធ្វើឲ្យដងវិថីក្នុងក្រុងសៀមរាបក្លាយជារុក្ខវិថីប្រកបដោយបរិស្ថានបៃតង។
ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័ត កម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ទន្ទឹមនេះ ព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា៖ ការការពារទីជំរាល, ទប់ស្កាត់ការហូរច្រោះដី, ការធ្វើឲ្យប្រសើរឡើងនៃគុណភាពដី, កាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។
លោក យុន លីនណេ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនអង្គការជាតិ និងអន្ដរជាតិ ដែលកំពុងយកចិត្ដទុកដាក់ជួយដល់ខេត្ដសៀមរាប ក្នុងកិច្ចថែរក្សាធនធានធម្មជាតិ ជាពិសេស គឺព្រៃឈើ ដែលជាបញ្ហាចំបង និងមានសារៈសំខាន់ដល់ការរស់រាន ព្រមទាំងការអភិវឌ្ឍន៍សង្គមជាតិទាំងពេលបច្ចុប្បន្ន ក៏ដូចជាទៅពេលអនាគត។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងបន្ដអាជីវកម្មកាប់បំផ្លាញព្រៃឈើ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត និងជាកត្តាបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិកើតឡើងផងដែរ។
ជាមួយនេះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមជួយថែរក្សាដើមឈើនៅតាមមុខផ្ទះឲ្យលូតលាស់បានល្អ ដើម្បីបង្កើនសោភ័ណភាព កាត់បន្ថយការកើនឡើងកម្ដៅក្នុងទីក្រុងសៀមរាប ព្រមទាំងធ្វើឲ្យក្រុងសៀមរាបប្រែក្លាយជាក្រុងបៃតង ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕