(ភ្នំពេញ)៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ នឹងរៀបចំវេទិកា សាសនាសន្តិភាពផ្លូវចិត្ត នៅសណ្ឋាគារ ហៃយ៉ាត់ (HYATT REGENCY PHMOM PENH) នៅរសៀល ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមលើកស្ទួយការអប់រំផ្លូវចិត្តរបស់មនុស្សទូទៅ តាមរយៈព្រះពុទ្ធោវាទ ដែលជាមាគ៌ាដ៏សំខាន់របស់ព្រះពុទ្ធសាសនា។
វេទិកានេះនឹងប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ។
វេទិកានេះ គឺផ្តោតសំខាន់ទៅលើការសួរឆ្លើយ អំពី៖
* អប់រំសុខភាពផ្លូវចិត្ត តាមរយៈសាសនា
* អំពីតួនាទី សាសនា ក្នុងបរិបទសង្គម ឌីជីថល
* អាជីវកម្ម វិនិយោគ និងការបដិបត្តិ ក្នុងសាសនា
* កាតព្វកិច្ច ជាពុទ្ធសាសនិកជន
* សម្មាអាជីវោ និងសេដ្ឋកិច្ចជីវិតរស់នៅក្នុងសម័យទំនើប។
សំណួរទាំងនេះ នឹងបានត្រូវសួរ-ឆ្លើយ រវាងវាគ្មិន និងអ្នកចូលរួមប្រមាណជាង ៥០០នាក់ មកពីបណ្តាអង្គការ សមាគមនានា ដូចជា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមហ៊ុនលីលី សភាមុខរបរ CPMEX សមាគមសហគ្រិនស្ត្រីកម្ពុជា CWEA សមាជិក សមាជិក មកពីសមាគមឧកញ៉ាកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិមួយចំនួនទៀត។
វាគ្មិនដែលត្រូវចូលរួមឆ្លើយសំណួរក្នុងវេទិកា រួមមាន៖
* ១៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ
* ២៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ
* ៣៖ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ
* ៤៖ លោកស្រី ឧកញ៉ា មហាឧបាសិកា កែវ មុំ ប្រធានសភាពមុខបរ CPMEX
* ៥៖ លោកគ្រូ នឹម ឈុន្នី ប្រធានក្រុមហ៊ុន វិបស្យា
* ៦៖ សម្របសម្រួល ដោយលោកបណ្ឌិត ឈួរ សុបញ្ញា សមាជិកគណៈអចិន្រ្តៃយ៍ពុទ្ធិកសមាគមកម្ពុជរដ្ឋ។
កម្មវិធីនេះរៀបចំដោយ ពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយ ក្រុមហ៊ុនលីលី ហើយព័ត៌មានសម្រាប់ការចុះឈ្មោះចូលរួមសូមទំនាក់ទំនង លេខាធិការដ្ឋាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទូរសព្ទលេខ៖ 012594775/ 099269289 /012844921 ៕