(កំពង់ធំ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោក ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះយុទ្ធនាការដាំដើមឈើចំនួន១០០ដើម នៅក្នុងបរិវេណទីធ្លាវត្តឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា យុទ្ធនាការដាំកូនឈើនេះក្នុងគោលបំណងចូលរួមចំណែកការកាត់បន្ថយការរងប៉ះពាល់ពីវិបត្តិការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវជម្រុះ និងការបំពុលបរិស្ថាន និងដើម្បីប្រែក្លាយ ខេត្តកំពង់ធំ ឱ្យទៅជាក្រុងស្រុកបៃតងដ៏ស្រស់បំព្រង ព្រមទាំងបានបណ្ដុះគំនិតដល់យុវជន យុវនារី និងប្រជាពលរដ្ឋ ឱ្យស្រឡាញ់ព្រៃឈើថែរក្សាព្រៃឈើ ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងសហគមន៍ ក៏ដូចជាការជួយលើកកម្ពស់សោភ័ណភាពទីប្រជុំជនក្រុង/ស្រុក នៅតាមទីសាធារណៈផងដែរ។
លោក ជា វ៉ាន់ចាន់ បានលើកឡើងថា ការរៀបចំបន្តយុទ្ធនាការនៃការដាំកូនឈើនាពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីចូលរួមលើកកម្ពស់ដល់ភាពបៃតង នៃទឹកដីខេត្តកំពង់ធំ និងបានជាម្លប់សម្រាប់ទីវត្តអារាព្រមទាំងដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសគំនិតឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សា ការពារ និងស្រឡាញ់ព្រៃឈើ អ្វីដែលកាន់តែពិសេសសម្រាប់ជនជាតិខ្មែរ ការដាំកូនឈើពិតជាមានតម្លៃឥតគណនាដោយសារកូនឈើផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ជួយការពារខ្យល់ព្យុះគ្រោះទឹកជំនន់និងបាតុភូតធម្មជាតិផ្សេងៗទៀត។
ក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់បានផ្តល់កង់ចំនួន០២គ្រឿង ជូនដល់យុវជនកាកបាទក្រហមកម្ពុជាក្នុងវិទ្យាល័យទួលក្បិល ដែលខ្វះមធ្យោបាយធ្វើដំណើមកសិស្សា និងមានជីភាពខ្វះខាត ព្រមទាំងប្រគេនគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យមួយចំនួនជូនដល់ព្រះសង្ឃក្នុងវត្តផងនេះផងដែរ៕