(ពោធិ៍សាត់)៖ នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដំណាងលោករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័ន និងមន្រ្តីក្រុមការងារអាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សកំពង់ប្រាក់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានជម្រាបជូនប្រតិភូពីសារៈសំខាន់នៃបឹងទន្លេសាប សក្តានុពលធនធានធម្មជាតិ ជីវចម្រុះនៅក្នុងបឹងទន្លេសាប ភាពគំរាមគំហែងនាពេលបច្ចុប្បន្ន បណ្តាលឲ្យផលស្តុកធនធានជលផលធ្លាក់ចុះ។
ដោយឡែក ការជ្រើសរើសចុះសិក្សាស្វែងយល់នៅពេលនេះ គឺតំបន់អភិរក្សជលផលកំពង់ប្រាក់ ដែលជាតំបន់អភិរក្សដ៏សំខាន់មួយក្នុងចំណោមតំបន់អភិរក្សទាំង៨កន្លែង បានបង្កើតឡើងក្នុងសម័យបារាំង ឆ្នាំ១៩៥៨ ហើយស្ថិតនៅក្នុងបឹងតូច នៃបឹងទន្លេសាប។
តំបន់អភិរក្សជលផលនេះ មានលក្ខណៈសមស្របសម្រាប់ជាកន្លែងជួយថែរក្សាពូជមច្ឆាជាតិ និងជីវចម្រុះគ្រប់ប្រភេទដើម្បីជួយបង្កើនបរិមាណផលស្តុកជលផល ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ ដើម្បីធានានិរន្តរភាពធនធានជលផល ត្រូវមានការចូលរួមទាំងអស់គ្នា ក្នុងនោះ៖
*ទី១៖ បន្តការការពារ និងដាំដុះព្រៃលិចទឹកឡើងវិញ
*ទី២៖ សហគមន៍នេសាទបន្តរក្សាការពារមេពូជត្រីក្នុងតំបន់អភិរក្ស
*ទី៣៖ ស្ថាប័នជលផល បន្តសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ បង្កើនការផ្សព្វផ្សាយច្បាប់ ដល់សហគមន៍
*ទី៤៖ ពង្រឹងការអនុវត្តច្បាប់ និងការបង្រ្កាបបទល្មើសនេសាទ
*ទី៥៖ អាជ្ញាធរឃុំ ត្រូវបញ្ចូលកញ្ចប់ថវិកាទៅក្មុងផែនការកម្មវិធីវិនិយោគឃុំ សម្រាប់កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជលផល។
សូមជម្រាបថា ការចុះសិក្សាស្វែងយល់ នៅតំបន់អភិរក្សកំពង់ប្រាក់នេះ ក្នុងគោលបំណងដើម្បី៖
*ទី១៖ ស្វែងយល់ពីទស្សនៈវិស័យ និងផែនការគ្រប់គ្រង អភិរក្សធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់អភិរក្ស
*ទី២៖ សកម្មភាពការងារ រួមជាមួយការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់នៅក្នុងការចូលរួមថែរក្សា ការពារ និងគ្រប់គ្រងធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អភិរក្ស
*ទី៣៖ បញ្ហាផលប៉ះពាល់មកលើគ្រប់គ្រង និងអភិរក្សធនធានជលផល ជីវចម្រុះ ជាពិសេសប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់អភិរក្ស
*ទី៤៖ ស្ថានភាពជីវភាពទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ នៅជុំវិញតំបន់អភិរក្ស
*ទី៥៖ សក្តានុពល និងកាលានុវត្តភាពតំបន់អភិរក្ស ក្នុងការជម្រុញផលិតភាពធនធានជលផល ជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ
*ទី៦៖ ការចូលរួមចំណែកពីក្រសួងស្ថាប័ន និងដៃគូរពាក់ព័ន្ធក្នុងតំបន់អភិរក្ស
*ទី៧៖ ភាពខ្លាំង ភាពខ្សោយ និងវិធានដោះស្រាយ រួមជាមួយតម្រូវការក្នុងវិធានការឆ្ពោះទៅការគ្រប់គ្រង និងអភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជុំវិញបឹងទន្លេសាបប្រកបដោយចីរភាព និងនិរន្តភាព។
សូមបញ្ជាក់ថា ប្រតិភូអន្តរក្រសួង ស្ថាប័នបានអញ្ជើញចូលរួមចុះសិក្សាស្វែងយល់នេះ មានពីលោក លោកស្រី ជាតំណាងក្រសួងធនធនទឹក និងឧតុនិយម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ធនាគាពិភពលោក (World bank) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) សហភាពអឺរ៉ុប (EU) អង្គការអភិរក្សអន្តរជាតិ (CI) អភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋានស្រុកក្រគរ ឃុំ ខណ្ឌជលផល-ផ្នែកជលផលស្រុកក្រគរ សហគមន៍នេសាទកំពង់ប្រាក់ រួមនឹងថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស អាជ្ញាធរទន្លេសាប៕