(បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា ក្រោមប្រធានបទ «ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណី ជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត» នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានបាល់ទាត់ខេត្តបាត់ដំបង។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ កងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងជនជាតិដើមភាគតិច សរុបប្រមាណចំនួន៨៥០នាក់។
លោករដ្ឋមន្ត្រីបានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ ជាពិសេសជនជាតិដើមភាគតិច ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលើក៣០ និងលើកទី២០នៅកម្ពុជា។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសនិងសមាជិក សមាជិកានៃអង្គពិធីទាំងមូលផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានលើឡើងអំពីគោលបំណងក្នុងការរៀបចំប្រារព្ធទិវានេះឡើង ក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធដទៃទៀតក្នុងការជួយរលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសអាចធ្វើឱ្យជនជាតិដើមភាគតិច ទទួលបាននូវការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផងដែរ។
លោករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តគាំទ្រ និងសហការបន្ថែមទៀត តាមរយៈការអនុវត្តសកម្មភាពស្របតាមគោលនយោបាយ ច្បាប់ និងអនុក្រឹត្យ ក៏ដូចជាឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ជាពិសេសត្រូវខិតខំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំង៥ចំណុច ដែលបានថ្លែងនៅក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកអនុវត្តការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕