(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការចាក់ធ្នឹមបេតុងសាលាឆទានរបស់បងប្អូនជនជាតិដើមភាគតិចកួយ នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
លោកបានលើកឡើងថា ការចាក់ធ្នឹមបេតុងសាលាឆទាននេះ ជាកិច្ចការងារផ្តួចផ្តើមរួមគ្នា រវាងក្រុមការងារ សប្បុរសជន និងសហគមន៍ របស់បងប្អូនទាំងអស់គ្នាដែលស្តែងចេញពីការរួបរួមសាមគ្គីគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សំណង់អាគារសហគមន៍នេះចេញជារួបរាងឡើង។
លោកសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នា ដោយមិនខ្លាចនឿយហត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ លើសពីនេះទៅទៀតទីកន្លែងកសាងសាលាឆទាននេះ គឺជាកន្លែងបុរាណមួយដែលកាលនោះ សាលា មានសភាពទ្រុឌទ្រោម ដូចនេះយើងត្រូវតែថែរក្សានិងអភិរក្សគេតំណែលនេះទុកសម្រាប់កូនចៅជំនាន់ក្រោយ។
លោកសំណូមពរឲ្យបងប្អូនទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់លើកិច្ចការនេះដើម្បីឲ្យសំណង់មានភាពរឹងមាំល្អ និងជៀសវាងនៅការធ្វសប្រហែសនានា ដែលនាំឲ្យសំណង់ខូចខាតជាមួយគ្នានោះដែរ លោកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនសម្រាប់ដោះស្រាយការទទួលទានពេលចប់ការងារផងដែរ។
គួរបញ្ជាក់ថា សាលាឆទានចាស់សាងសង់អំពីឈើប្រក់ក្បឿងមានអាយុកាល ៦២ឆ្នាំ ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានសភាពចាស់ទ្រុឌទ្រោមដូច្នេះប្រជាពលរដ្ឋបានសុំច្បាប់អនុញ្ញាតរុះរើ ហើយសាងសង់សាលាឆទានថ្មីធ្វើអំពីស៊ីម៉ង់តិ៍ ដោយរក្សាលក្ខណៈទ្រង់ទ្រាយដើម ដែលមានទំហំ ១៦.៤០ ម៉ែត្រ x ១២.៣០ ម៉ែត្រ ដើម្បីរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចគួយ៕