(ឧត្តរមានជ័យ)៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាម្ចាស់ហាងអារហារដ្ឋានមួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួន ជាមួយនឹងការដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនទៀត។
លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការចាត់តាំងពីលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន, នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងប្រាសាទ ដោយប្រើប្រាស់វិធានការជំនាញ ចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែង នៅក្នុងអាហារដ្ឋានឈ្មោះតារា ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នៅប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នូវ សុភ័ក្រ្ត អាយុ៤២ឆ្នាំ មុខរបរម្ចាស់អាហារដ្ឋានឈ្មោះតារា ដោយត្រួតពិនិត្យឃើញ និងដកហូតបាននូវសម្ភារវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០៤កញ្ចប់ធំ ជញ្ជឺងថ្លឹងគ្រឿងញៀនចំនួន១ ទូរស័ព្ទដៃ១គ្រឿង និងឧបករណ៍បម្រើឱ្យការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ កំពុងសាកសួរបំភ្លឺ និងកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីអនុវត្តនិតិវិធីបន្ត៕