(ភ្នំពេញ)៖ លោក ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងចែកសៀវភៅ «សីលរតនៈ» ជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក លោកស្រី ជាគ្រូបង្គោល គ្រូជំនួយ និងសិក្ខាកាម ជាកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល។
នាឱកាសនោះលោកបណ្ឌិត សុខ សេងយ៉ន បានគូសបញ្ជាក់ថា ក្នុងនាមលោក យក់ ប៊ុនណា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមទាំងអស់សូមគោរពថ្លែងអំណរគុណចំពោះវត្តមានរបស់ លោក ហង្ស ច័ន្ទវរៈ ដែលបានផ្តល់កិត្តិយសចូលរួមក្នុងពិធីសំណេះសំណាល និងចែកសៀវភៅ «សីលរតនៈ» ជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងឱកាសនេះលោកបណ្ឌិត សុខ សេងយ៉ន ក៏បានរាយការណ៍សង្ខេបអំពីសកម្មភាពបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល រួមទាំងសកម្មភាពនានាមួយចំនួនទៀត ដែលទាក់ទងការងារស្រាវជ្រាវ ការ ងារចូលរួមកំណែទម្រង់ ការងារអភិវឌ្ឍន៍ស្ថាប័ន និងការងារសំខាន់ៗមួយចំនួនទៀតរបស់សាលាភូមិន្ទរដ្ឋបាល។
នៅក្នុងឱកាសនេះលោក ហង្ស ច័ន្ទវរៈ បានឱ្យដឹងដែរថា ជាកិច្ចតបស្នងសងគុណដល់រាជរដ្ឋាភិបាលកម្ពុជា លោកបានចំណាយពេល និពន្ធសៀវភៅនេះឡើងទុករួមចំណែកជាវិភាគទានជំនួយស្មារតី ជាប្រទីបបំភ្លឺផ្លូវ ឬជាគ្រឿងជួយដាស់តឿនសតិដល់ខ្មែរគ្រប់រូបឱ្យគិតត្រូវ ធ្វើល្អ មានសីល ធ្វើទាន ស្គាល់បាប ស្គាល់បុណ្យ ឱ្យចៀសវាងអំពើអបាយមុខ ដើម្បីជាសេចក្តីសុខដល់មនុស្សគ្រប់រូបជានិរន្តរ៍តរៀងទៅ។ និយាយមួយបែបទៀត ទុកដូចជាហ្រ្វាំងជួយទប់កុំឱ្យការវិនាសសីល នៃមនុស្សលោកលឿនពេក។
ជាមួយគ្នានោះលោក ហង្ស ច័ន្ទវរៈ បានចែករំលែកចំណេះដឹង និងបទពិសោធន៍មួយចំនួនជូនដល់កម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ដោយបានលើកយកនៅប្រធានបទមួយ គឺសុខភាពខួរក្បាល ហើយសុខភាពខួរក្បាលនេះទៀតសោធ បានបែងចែកជា២ រួមមានទី១៖ សុខភាពខួរក្បាលតាមបែបរូបសាស្ត្រ និងទី២៖ សុខភាពខួរក្បាលតាមបែបចិត្តសាស្ត្រ។ ទន្ទឹមនឹងនេះ លោកក៏បានលើកយកនៅចំណុចសំខាន់ៗជាគន្លឹះចំនួន៤ មកគូសបញ្ជាក់ជូនដល់អង្គពិធីទាំងមូលបានយល់ដឹងក្នុងនាមជាមនុស្ស និងជាមន្ត្រីរាជការ ដើម្បីធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព និងស្ថេរភាពល្អផងដែរ។
សូមបញ្ជាក់ដែរថា នាឱកាសនោះលោក ហង្ស ច័ន្ទវរៈ និងលោកបណ្ឌិត សុខ សេងយ៉ន ក៏បានអញ្ជើញចែកជូនសៀវភៅ សីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ លោក លោកស្រី ជាគ្រូបង្គោល គ្រូជំនួយ និងសិក្ខាកាម ជាកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ដោយផ្ទាល់ផងដែរ៕