(តាកែវ)៖ ក្នុងឱកាសចុះសំណេះសំណាលជាមួយមន្រ្តីរាជការនៅស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានសន្យាថានឹងប្រឹងប្រែងធ្វើការកៀរគរក្រុម អ្នកវិនិយោគទុននៅក្នុងស្រុក និងនៅក្រៅស្រុកឲ្យមកបើករោងចក្រក្នុងភូមិសាស្រ្តខេត្តតាកែវ ឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការការងាររបស់បងប្អូនប្រជាពលរដ្ឋ និងចៀសវាងការធ្វើ ចំណាកស្រុក ដែលកាត់បន្ថយកម្លាំងពលកម្មក្នុងស្រុក។
លោកអភិបាលខេត្ត បានបន្តទៀតថា ខេត្តតាកែវ ជាខេត្តមួយមានរោងចក្រជាង១០០រោងចក្រ ដែលមានបងប្អូនកម្មករកម្មការិនីធ្វើការជាង៨ម៉ឺននាក់។ ចំនួននេះនៅមិនទាន់អាចបំពេញសេចក្តីត្រូវការលើការងាររបស់បងប្អូន ប្រជាពលរដ្ឋបាននោះទេ។
ក្នុងនោះយើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅខេត្តផ្សេង និងនៅភ្នំពេញ ជាពិសេសនៅក្រៅប្រទេសក៏មានចំនួនច្រើងផងដែរ ដូចនេះដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូន ប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ពួកគាត់ធ្វើការងារនៅក្នុងមូលដ្ឋានពិសេសគឺធ្វើការនៅក្បែរផ្ទះ យើងនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគិន មកបណ្តាក់ទុនបើករោងចក្រឱ្យកាន់តែច្រើនឡើង សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើការងារធ្វើនៅក្បែរផ្ទះ និងលើកស្ទួយសេដ្ឋកិច្ចនៅក្នុងខេត្តផង និងសេដ្ឋកិច្ចនៅក្នុងគ្រួសារផងដែរ។
នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានណែនាំទៅដល់អភិបាលក្រុងស្រុក ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាក្នុងការចូលរួមទប់ស្កាត់ បង្រ្កាបក្រុមក្មេងទំនើង ការប្រើប្រាស់ ឬចែកចាយគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាឱ្យភូមិឃុំរបស់យើងក្លាយជាភូមិឃុំមានសុវត្ថិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ធានាបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងអ្នវិនយោគទុន៕