(ភ្នំពេញ)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររយៈពេល៥ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលបានរៀបចំនៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ពីសំណាក់ប្រធានក្រុមការងារយេនឌ័រតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អភិបាលរងទាំង២៥រាជធានី-ខេត្ត និងសមាជិក សមាជិកា នៃក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃសរុបចំនួនប្រមាណ១១០រូប។
ក្នុងឱកាសនោះ លោកស្រី អុង សុភាវី បានលើកឡើងថាការជួបពិភាក្សាគ្នានាពេលនេះ គឺជាការប្រមូលនូវគំនិតយោបល់ ដ៏មានសារៈសំខាន់ ក្នុងការផ្តល់នូវធាតុចូលបន្ថែមពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ បញ្ហាប្រឈម និងចំណុចអាទិភាព តាមបណ្តាអគ្គនាយកដ្ឋាន ដែលស្ថិតនៅក្រោមចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាល រាជធានី-ខេត្ត។
លោកស្រីបានបន្តថា ការរៀបចំឱ្យមាននូវផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ (២០២៤-២០២៨) ក្នុងគោលបំណងបញ្ជ្រាបយេនឌ័រ ទៅតាមជំនាញ និងបង្កើនការអភិវឌ្ឍសមត្ថភាព ,ផ្តល់នូវកាលានុវត្តភាព ដល់ស្រ្តី ទាំងមន្រ្តីរដ្ឋបាលស៊ីវិល មន្រ្តីនគរបាលជាតិ មន្រ្តីពន្ធនាគារ នៅក្នុងដំណើរការតាក់តែងច្បាប់ គោលនយោបាយអនុវត្ត និងការតាមដាន ការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីកំណែទម្រង់រាជរដ្ឋាភិបាល នៅលើវិស័យអាទិភាពសំខាន់ៗនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានរៀបចំផ្អែកទៅតាមគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ សំខាន់ៗចំនួន៥ រួមមាន៖
១. គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ឆ្នាំ ២០២១-២០៣៥
២. យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី១
៣. ផែនការយុទ្ធសាស្ត្រស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម (២០២៤-២០២៨)»
៤. ផែនការយុទ្ធសាស្ត្រ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨
៥. ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៣-២០២៧)
ដោយក្នុងការរៀបចំនេះ បានកំណត់ឱ្យមានយុទ្ធសាស្ត្រអទិភាពចំនួន៥ សំខាន់ៗ។
ដូចនេះដើម្បីឱ្យការរៀបចំនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ អាចប្រើប្រាស់ជាមុគ្គទេសន៍ ក្នុងការបង្ហាញផ្លូវដល់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបទៅនឹងសំណូមពរ និងលើកស្ទួយសមភាពយេនឌ័រក្នុងរចនាសម្ព័ន្ធកម្មវិធី និងផែនការសកម្មភាព របស់ អគ្គនាយកដ្ឋានចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងមហាផ្ទៃ សូមលោកជំទាវ លោក លោកស្រី ចូលរួមផ្តល់ជាធាតុចូលបន្ថែម ជាពិសេសនោះការផ្តល់នូវបញ្ហាយេនឌ័រ និងបញ្ហាប្រឈមរបស់អង្គភាព និងចំណុចអាទិភាព ដើម្បីឱ្យផែនការយុទ្ធសាស្ត្រនេះ សម្រេចទៅបានប្រកបដោយសង្គតិភាព។
ថ្លែងនៅក្នុងពិធីបិទនាថ្ងៃដដែលនោះ លោកស្រី អុង សុភាវី បានលើកឡើងថា ឆ្លងកាត់តាមពេលវេលាដ៏មានតម្លៃពេញមួយព្រឹកនេះ កិច្ចប្រជុំពិភាក្សារបស់យើងបានផ្លាស់ប្តូរ មតិគ្នាយ៉ាងផុលផុស និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរនូវមតិយោបល់ប្រកបដោយវិជ្ជាជីវៈ សាមគ្គីភាព និងប្រឹងប្រែងរួមគ្នាដើម្បីសមិទ្ឋិផលថ្មីមួយដ៏ល្អ តាមការអង្កេត ការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញកិច្ចពិភាក្សា របស់យើង ទទួលបានលទ្ធផលល្អ៕