(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីបើកវគ្គបំប៉នយោធាចារ្យជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាញការពារព្រំដែនជំនាន់ទី៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន-លង្វែក ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ថ្លែងទៅកាន់គណៈគ្រប់គ្រងមជ្ឈមណ្ឌល និងសិក្ខាកាមក្នុងវគ្គ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងពីស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជា ដែលគ្របដណ្ដប់ដោយសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ការគ្រប់គ្រងបានលើស្ថានភាពជំងឺកូវីដ-១៩ និងឈានទៅស្ដារសេដ្ឋកិច្ចជាតិឡើងវិញជាបណ្តើរៗ ធានាបានល្អជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា៖ «សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍត្រូវបន្តរក្សា និងធានាបានយ៉ាងគត់មត់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លា មានចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់»។
នៅចំពោះមុខសិក្ខាកាមទាំងពីរវគ្គប្រមាណ២០០នាក់, នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីប្រែក្លាយជាកងកម្លាំងទំនើបរៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបបានគ្រប់ស្ថានការណ៍ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជាទំនើប និងស្ថានការណ៍ស្មុគស្មាញរបស់ពិភពលោកបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងពីកិច្ចការមួយចំនួន ដែលសម្តេចធិបតីបានដាក់ចេញសម្រាប់ពង្រឹងវិស័យការពារជាតិ ក្នុងនោះរួមមាន៖ ទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មលើគ្រឿងបំពាក់ និងទំនើបកម្មលើការងារហ្វឹកហ្វឺន ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក និងតំបន់ដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ទាំងយុទ្ធវិធី និងបច្ចេកវិទ្យា ហើយទាមទារឱ្យយោធពលខេមរភូមិន្ទត្រូវតែទំនើប គឺ «ទំនើបទាំងមនុស្ស និងសម្ភារ»។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយកឧត្តមសេនីយ៍ ឥត សារ៉ាត់ បានការកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំ យោធាចារ្យជំនាញ និងមន្ត្រីបម្រើការនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ព្រមទាំងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ពង្រឹង ពង្រីក ជំនាញការពារព្រំដែន កន្លងមករហូតមកដល់ពេលនេះ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ លើការការពារបូរណៈភាព ទឹកដីធ្វើឱ្យយោធិនទាំងអស់ យល់ពីឯកសារផ្លូវច្បាប់អំពីព្រំដែន ការដោះស្រាយអំពីបញ្ហាព្រំដែន ពិសេស សកម្មភាពនៃប្រតិបត្តិការរបស់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការការពារព្រំដែន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់គោលដៅជាយុទ្ធសាស្ត្រ អទិភាពគន្លឹះ០៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ ចំពោះវិស័យការពារជាតិ រាជរដ្ឋាភិបាល បានបន្តជំរុញកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ បណ្តុះ បណ្តាលធនធានមនុស្ស ការអភិវឌ្ឍន៍សមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងសូមគាំទ្រគម្រោង «ព្រែកជីហ្វូណនតេជោ» ដើម្បីនយោបាយឯករាជ្យការដឹកជញ្ជូនរបស់កម្ពុជា និងផលប្រយោជន៍ជាច្រើនទៀតរបស់កម្ពុជា ដែលបានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ កន្លងមក ហើយគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ សូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីហ្វូណនតេជោ» របស់សម្តេចមហាបវធិបតី ដើម្បីបង្ហាញពីកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លាសម្រាប់ជាតិ។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺន គឺជាមធ្យោបាយមួយយ៉ាងសំខាន់ ក្នុងចំណោមមធ្យោបាយ ជាច្រើនទៀតដែលធ្វើឱ្យយោធិនគ្រប់រូប គ្រប់ថ្នាក់ គ្រប់ជំនាញមានសមត្ថភាពបំពេញការងារឈានទៅ សម្រេចជោគជ័យតាមតួនាទីរៀងៗខ្លួន។ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅតែបន្តជំរុញឱ្យបណ្តាអង្គភាពទ័ពជំនាញកសាងសាលារបស់ខ្លួន ដើម្បីបណ្តុះបណ្តាលយោធិនជំនាញ តាមសេចក្តីត្រូវការ និងការចាត់តាំងហ្វឹកហ្វឺននៅក្នុងប្រទេស គឺជាយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ការបើកវគ្គបំប៉នយោធាចារ្យ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាញការពារព្រំដែន ជាការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យមានគ្រប់លទ្ធភាពក្នុងការបំពេញភារកិច្ច លើកិច្ចការងារការពារបូរណៈភាពទឹកដី ជាពិសេស ឱ្យមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដូចនេះសិក្ខាកាមជាយោធិនទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងគាំទ្រអនុវត្តរាល់ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ដែល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងទប់ស្កាត់រាល់ឧបាយកលបំផ្លាញសុខសន្តិភាព របស់ ប្រទេសជាតិ ឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕