(ភ្នំពេញ)៖ ឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បានបង្ហាញក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កម្ពុជា-ចិននឹងនៅតែបន្តខិតខំប្រឹងប្រែង ក្នុងការថែរក្សា លើកតម្កើងទំនាក់ទំនងមហាមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមាន ភាពប្រសើរឡើងនៅទំនាក់ទំនងទ្វេភាគី ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមរបស់កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។
ក្តីសង្ឃឹមនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសលោកបានអនុញ្ញាតជូនលោក Wang WenBin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ចើញចូលជួបសម្តែងការគួរសម នៅក្រសួងព្រះបរមរាជវាំង ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
ឧកញ៉ាមហាមន្ត្រី គុយ សុផល បានទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់កក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសដែលលោកទើបនឹងអញ្ជើញមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសនេះ លោក ឯកអគ្គរដ្ឋទូតចិន បានរំលឹកអំពីទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ជា បងប្អូន ដែលមានការរីកចម្រើនរឹងមាំ ក្នុងលក្ខណៈល្អពិសេស មានរយៈពេលជាយូរលង់ណាស់មកហើយ អាស្រ័យព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងភាពឈ្លាសវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកំពូលចិន ក្នុងជំនាន់មុនៗ។
ឧកញ៉ាមហាមន្ត្រី គុយ សុផល បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានថ្វាយនូវការថែរក្សា ពិនិត្យព្យាបាល ព្រះរាជសុខភាព ព្រះរាជវង្សានុវង្សខ្មែរ ហើយសព្វថ្ងៃនេះថ្នាក់ដឹកនាំចិន នៅតែថ្វាយការគាំទ្រដ៏ខ្ពង់ខ្ពស់ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងតែងតែផ្តល់នូវជំនួយដ៏សប្បុរសថ្លៃថ្លា និងមានទំហំធំធេងជួយទ្រទ្រង់លើវិស័យសំខាន់ៗជាច្រើន ចូលរួមចំណែកក្នុងការស្ថាបនានៅកម្ពុជាឲ្យមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស៕