(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី រួមនឹងអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យការសាងសង់សាលារៀនមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ដល់ជូនសិស្សរៀននៅសាលាបឋមសិក្សាអន្លង់អក ស្ថិតនៅក្នុងភូមិអន្លង់អក ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ការចុះពិនិត្យនូវការសាងសង់សាលាបឋមសិក្សានិងសំណង់ផ្សេងៗទៀតដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងមូលដ្ឋានខាងលើកាលពីព្រឹកមិញនេះ។ លោកបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើក្រុមជាងដែលកំពុងចាប់ផ្ដើមធ្វើការបុកគ្រឹះសាងសង់ ដោយធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ឲ្យទទួលបាននូវគុណភាពល្អ ដើម្បីទុកជាកេរ្ត៍មរតក សម្រាប់សិស្សជំនាន់ក្រោយទៀតបានរៀនបន្ត ព្រោះនៅទីនេះជាតំបន់លិចទឹកនៅរាងរាល់រដូវវស្សា ហេតុនេះគ្រឹះរបស់សំណង់ត្រូវតែរឹងមាំ។
នាឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានថ្លែងទៅកាន់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងក្រុមការងារដែលបានអញ្ជើញចូលរួមការចុះត្រួតពិនិត្យនៃការសាងសង់សាលាបឋមសិក្សា និងសំណង់ផ្សេងៗខាងលើនេះថា ដោយសម្ដេចមើលឃើញអំពីទក្ខលំបាករបស់សិស្សានុសិស្សដែលពុំទាន់មានអគារសិក្សាឲ្យបានសមរម្យ និងម្យ៉ាងនៅទីនេះ ជាតំបន់លិចទឹកជារៀងរាល់រដូវវស្សាផងនោះ ទើបសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកាដើម្បីសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់ និងមាន៦បន្ទប់ រួមទាំងសំណង់ផ្សេងៗទៀតនៅក្នុងសាលាបឋមសិក្សានេះ សម្រាប់កូន ក្មួយ និងចៅៗបានសិក្សាជាច្រើនជំនាន់ និងយូរអង្វែងតទៅ។
ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ លោកបណ្ឌិតសភាចារ្យ លោកប្រធានក្រុមប្រឹក្សា និងលោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានចែកជូនសៀវភៅ និងប៊ិចដល់សិស្សចំនួន៥២នាក់ និងផ្ដល់ថ វិកាជូនដល់ក្រុមជាង ប្រធានគណៈកម្មការទ្រទ្រង់សាលា និងលោកគ្រូអ្នកគ្រូនៅថវិកាមួយចំនួនផងដែរ។
ដោយឡែកលោកមេឃុំកំពុងអូស ក៏បានឲ្យដឹងដែរថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយកសាងអគារបឋមសិក្សាខាងលើនេះ គឺជួយធ្វើការសាងសង់អគារសិ ក្សាមួយខ្នងកម្ពស់២ជាន់ មាន៦បន្ទប់, បន្ទប់បណ្ណាល័យ១ខ្នង, បង្គន់អនាម័យ១, របងជុំវិញសាលា និងក្លោងទ្វារសាលា១ រួមទាំងបង្គោលដងទង់ជាតិចំនួនមួយផងដែរ៕