(ភ្នំពេញ)៖ បុរសជាសន្តិសុខនៅក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ NHAM24 ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅទៅណែនាំ និងរងការផាកពិន័យចំនួន៤០ម៉ឺនរៀល នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ព្រោះតែបោះសំរាមចោលនៅទីសាធារណៈត្រង់មុខហាងដែលខ្លួនយាម ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
វីដេអូនៅលើបណ្ដាញសង្គមហ្វេស គេឃើញបុរសរូបនេះមានឈ្មោះ សុក វ៉ាន់ អាយុ៥៩ឆ្នាំ បានចាក់សំរាមចេញពីធុងសំរាមនៅមុខការិយាល័យ Nham 24 ទាំងដែលកំពុងភ្លៀង ដើម្បីឲ្យហូរទឹកភ្លៀង។
អាជ្ញាធរខណ្ឌដូនពេញ បានអប់រំណែនាំដល់បុរសរូបនេះ ឱ្យបញ្ឈប់ការបោះចោលសំរាមនៅទីសាធារណៈ ព្រមទាំងត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន អាចធ្វើឱ្យសំរាមរាយប៉ាយពាស វាលពាសកាល ឬអាចធ្វើឱ្យស្ទះលូបង្ហូរទៀតផង។
អាជ្ញាធរខណ្ឌដូនពេញ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋគ្រប់គ្នា សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតនៅជុំវិញ និងជៀសវាងការបង្កការកកស្ទះសំរាមនៅតាមលូក្រោមដីផងដែរ៕