(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា បេសកកម្មការទូត របស់លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងជំរុញមិត្តភាពដែកថែមកម្ពុជា-ចិន ឱ្យចេញជាលទ្ឋផល ដល់ប្រទេសទាំងពីរច្រើនថែមទៀត។
ជំនឿរបស់សម្តេច ត្រូវបានបង្ហាញឡើង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យលោក វ៉ាង វិនពីង ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។
នាឱកាសនោះ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូត ដែលទើបទទួលបានបេសកកម្មថ្មីនៅកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ សម្តេច បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងវានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រផែមទៀតផង។
សម្តេចបង្ហាញនូវជំនឿថា បេសកកម្មរបស់លោក វ៉ាង វិនពីង និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរឹងមាំនិងមានលទ្ឋផល ដល់ប្រទេសទាំងពីរច្រើនថែមទៀត ។
លោក វ៉ាង វិនពីង បានថ្លែងអំណរគុណចំពោះសម្តេច ដែលអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសមនាពេលនេះ និងបានលើកសរសើរសម្តេច ដែលមានសុខភាពយ៉ាងរឹងមាំ។ លោក បានបន្តលើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលកសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុន មានដូចជាសម្តេចព្រះនរោត្តមស៊ីហនុ និងលោក ម៉ៅ សេទុង ត្រូវបន្តលើកកម្ពស់ជាបន្តបន្ទាប់ រហូតថ្នាក់ដឹកនាំសព្វថ្ងៃ និងសម្រេចបាននូវមិត្តភាពដែកថែបយ៉ាងរឹងមាំ។ លោក មានមោទនភាពដែលទទួលបានភារកិច្ចថ្មីនៅកម្ពុជា ព្រមទាំងបានចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់មហាវិថីស៊ីជិនពីង ដែលសមិទ្ធផលនេះបង្ហាញពីទំនាក់ទំនងពិសេសសម្រាប់ប្រទេសទាំងពីរ។ លោក បានប្តេជ្ញាចិត្តថា និងបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍស្របតាមលក្ខខណ្ឌជាតិ និងបន្តផ្តល់ជំនួយជាច្រើន ដែលមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងដល់ឯករាជភាពរបស់កម្ពុជាថែមទៀតផង។ ចំពោះកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់មិត្តចិនក្នុងកិច្ចការតំបន់ និងសកល។ សម្តេច បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនយ៉ាងខ្លាំង ដែលប្រទេសចិនគឺជាដៃគូរពាណិជ្ជកម្ម និងប្រភពវិនិយោគ ធំបំផុតរបស់កម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ សម្តេចបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការប្រពៃណីដែលមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាបន្តបន្ទាប់។ សម្តេចចាត់ទុកកិច្ចសហប្រតិបត្តិការគណបក្សទាំងពីរជាស្នូល ដោយថ្នាក់ដឹកនាំទាំងពីរបានបន្តប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិការតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសំណូមពរមិត្តចិន ជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា វិស័យកីឡា សុខភាពសាធារណៈ និងបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងនៅកម្ពុជាជាដើម។
ជាកាឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានអរគុណចំពោះកម្ពជា ដែលតែងតែគាំទ្រចិន និងប្តេជ្ញាចិត្តក្នុងការជួយដល់កម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៥០ តាមរយៈការជួយអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ការលើកកម្ពស់ជីវភាពប្រជាជន និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរផងដែរ។
លោកបន្តថា ប្រទេសទាំងពីរកម្ពុជា-ចិន កំពុងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរឹងមាំដូចដែកថែប ក្នុងបរិបទនៃការប្រឈមទៅនិងវិបត្តិភូមិសាស្រនយោបាយក្នុងពេលបច្ចុប្បន្ន។ ដូចនេះប្រទេសទាំងពីរបានប្តេជ្ញា បន្តគាំទ្រគ្នាទៅវិញទៅមក ដោយផ្តោតលើផលប្រយោជន៍រួម។លោកឯកអគ្គរដ្ឋទូត បានចាត់ទុកប្រទេសកម្ពុជា និងចិន ជាស្ថាបនិកនៃសន្តិភាពដូចគ្នា ដោយកម្ពុជាបានអនុវត្តយ៉ាងជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់ខ្លួន ហើយចិនក៏បានប្រកាន់ខ្ជាប់នូវសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផងដែរ។
ជាចុងក្រោយ សម្តេចជូនពរដល់លោកឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មកាទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា៕