(ពោធិ៍សាត់)៖ លោកឧកញ៉ា ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រីឧកញ៉ា លី ហៀក រតនា រួមជាមួយក្រុមការងារជាច្រើនរូប នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត និងអំណោចមនុស្សធម៌ផ្សេងៗ ជាច្រើនទៀត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង​១០០គ្រួសារ រស់នៅក្នុងស្រុកភ្នំក្រវាញ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ញុំបិណ្ឌ។

ពិធីនេះប្រារព្ធធ្វើនៅ បរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការ​ចូលរួមពី លោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខា លោក វ៉ាន់ ហ៊ាង ប្រធានសាខា សមាជិក សមាជិកា ក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមស្រុក ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ជា រតនា បាន​នាំយកនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំង២ តែងតែគិតគូរ និងយកចិត្តទុក្ខដាក់ ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

លោកឧកញ៉ាបណ្ឌិតបន្តថា ជាការពិតណាស់អំណោយដែលចែកជូននាពេលនេះ ទោះបីតិចតួចក្តី តែវាអាចបំពេញនូវការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងដែរ ជាពិសេសបងប្អូនអាចប្រើប្រាស់ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ហើយឧកញ៉ាបណ្ឌិត បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ចំពោះប្រជាពលរដ្ឋដែលប្រឈម នឹងការខ្វះខាតពិតប្រាកដ ដោយមិនប្រកាន់អំពីនិន្នាការនយោបាយណាមួយឡើយ។ ជាមួយគ្នានោះដែរ លោកឧកញ៉ា​ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង​១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល។ ក្នុងនោះលោកឧកញ៉ា​ ជា រតនា និងលោកស្រីឧកញ៉ា លី ហៀក រតនា បានឧបត្ថម្ភបន្ថែម ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមួយគ្រួសារ អាវយឺត១ ថវិកា ៣ម៉ឺនរៀល និងឧបត្ថម្ ភដល់ចាស់ជរាគ្មានទីពឹង ដែលមានអាយុ៩០ឡើង ចំនួន២នាក់ ក្នុងមួយនាក់ទទួលបាន ស្បែកជើង១គូ អាវយឺត១ អាវសសំពត១កំប្លេ និងថវិកា៥០ម៉ឺនរៀល ជនចាស់ជរាគ្មានទីពឹង ដែលមានអាយុក្រោម ៩០ឆ្នាំ ១៩នាក់ ក្នុងមួយនាក់ទទួលបាន ស្បែកជើង១គូ អាវយឺត១ អាវសសំពត់ខ្មៅ១កំប្លេ និងថវិកា ២០ម៉ឺនរៀល។ ជាមួយគ្នានោះ លោកស្រីឧកញ៉ា លី ហៀក រតនា បានបរិច្ចាកស្បែកជើងផ្ទាល់ខ្លួន សម្រាប់ដោះដូរជាមួយស្បែកជើងគោក្របី១គូ របស់លោកយាយវ័យ៩៣ឆ្នាំម្នាក់ផងដែរ៕