(សៀមរាប)៖ សមាគមក្លិបទេសចរណ៍សៀមរាប នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានដាក់ឱ្យដំណើរការជាផ្លូវការ នូវថ្នាលឌីជីថលទេសចរណ៍ «សៀមរាបវ៉ុនឌ័រ» (Siem Reap Wonder) ដែលជាកម្មវិធីទូរសព្ទដៃទំនើប ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ។ កម្មវិធីនេះមានគោលដៅផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ទេសចរ ក៏ដូចជាការលើកកម្ពស់ការអនុវត្តន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
បើតាមលោក សុខុម សំអុល នាយកប្រតិបត្តិនៃសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងថា៖ «សៀមរាបវ៉ុនឌ័រ គឺជាចក្ខុវិស័យទេសចរណ៍ឆ្លាតវៃរបស់យើងទាំងអស់គ្នា។ លោកបន្តថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត គឺមិនគ្រាន់តែអាចកែលម្អបទពិសោធន៍របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ គឺយើងកំពុងកែប្រែប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ទាំងមូលនៃទីក្រុងសៀមរាប ជារបស់យើងនេះ»។
លោកបានបន្តថា មុខងារសំខាន់ៗនៃកម្មវិធីនេះ នឹងជួយឱ្យទេសចរដឹងនូវរឿងរ៉ាវទាំងអស់ ដែលកំពុងកើត និងគ្រោងនឹងកើតនៅខេត្តសៀមរាប ទាំងតំបន់ទេសចរណ៍ អាហារដ្ឋាន សណ្ឋាគារ សេវាកម្មមគ្គុទ្ទេសក៍ កង់បី រថយន្ត ស្ប៉ា។ល។
លោក សុខុម សំអុល បានបន្តថា ក្រៅពីនេះ កម្មវិធីថ្នាលឌីជីថលទេសចរណ៍នេះដែរ ក៏មានមុខងារឱ្យទេសចរស្នើសុំទិដ្ឋាការ ឬវីសា មុននឹងពួកគេមកកម្សាន្តនៅប្រទេសកម្ពុជាផងដែរ។ សេវាកម្មកក់សេវាមគ្គុទ្ទេសក៍ និងព័ត៌មាននៃជើងហោះហើរ ក៏មានក្នុងកម្មវិធីនេះដែរ ដែលសរុបថ្នាលឌីជីថលនេះ មានមុខងារសរុប ចំនួន២៤ ដែលសឹងអាចនិយាយបានថា អ្វីៗនៅខេត្តសៀមរាបទាំងអស់ អាចរកបាននៅក្នុងកម្មវិធីមួយនេះ។
នាឱកាសដាក់ដំណើរការសាកល្បងនាពេលកន្លងមក លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គេហទំព័រ និងកម្មវិធីទូរស័ព្ទ ដែលបង្កើតឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានដើរតួយ៉ាងសំខាន់មិនត្រឹមផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ផលិតផលទេសចរណ៍ អេកូសហគមន៍ និងបង្ហាញពីសកម្មភាពទេសចរណ៍ជាច្រើនចម្រុះបែបដល់ទេសចរជាតិ និងអន្ដរជាតិ។
លោកក៏បានកោតសរសើរដល់សមាគម STC ដែលបានសម្រេចការងារនាពេលកន្លងមក ក្នុងការសម្របសម្រួលវិស័យទេសចរណ៍ ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តផងដែរ៕