(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំនួន៧២៧នាក់ ដើម្បីរក្សាឱ្យបាននូវមុខងារសាធារណៈដែលស្អាតស្អំ និងមានប្រសិទ្ធភាព។
បន្ទាប់ពីបញ្ចប់ការតេស្ដរកសារធាតុញៀនក្នុងទឹកមូត្រ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានថ្លែងបញ្ជាក់ថា លទ្ធផលតេស្តដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការរបស់ក្រសួងទាំងអស់បង្ហាញថា គ្មានករណីវិជ្ជមានសារធាតុញៀននោះទេ។ ការធ្វើតេស្តនេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវមុខងារសាធារណៈដែលស្អាតស្អំ និងមានប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទូទាំងប្រទេស ដោយបានទទួលស្គាល់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រឿងញៀនមកលើសុខភាពសាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គម។
លោក ហែម វណ្ណឌី បានលើកឡើងថា «ខណៈដែលកម្ពុជាកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ គំនិតផ្តួចផ្តើមនានា ដូចជាការធ្វើតេស្តរកសារធាតុញៀននៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ មានសារៈសំខាន់ណាស់ ដើម្បីបង្កើតបរិយាកាសសហគមន៍ដែលមានសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលបាន និងកំពុងបន្តបេសកកម្មរបស់ខ្លួន ដើម្បីលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ពាក់ព័ន្ធ សំដៅកសាងអនាគតមួយដែលប្រជាជនគ្រប់រូបអាចរីកចម្រើនក្នុងសង្គមដែលគ្មានគ្រឿងញៀន»។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាស្ថាប័នដឹកនាំសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងរដ្ឋាបាលថ្នាក់ក្រោមជាតិ។ យុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមានការបង្រ្កាបការជួញដូរគ្រឿងញៀន ការបង្កើនការយល់ដឹងសាធារណៈអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការផ្តល់ការគាំទ្រសម្រាប់អ្នកដែលកំពុងស្វែងរកការស្តារនីតិសម្បទាជាដើម៕