(ភ្នំពេញ)៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ បានបញ្ជាក់ថា ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់ ដើម្បីអន្តរាគមន៍តម្លៃស្រូវរបស់កសិករ ត្រូវបានធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់កម្ចីដល់ រោងម៉ាស៊ីនកិនស្រូវ ដើម្បីយកទៅទិញស្រូវរបស់ប្រជាកសិករ អស់ជាង១លានដុល្លារហើយ។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា «បើគិតតាំងពីថ្ងៃដែលក្រសួងសេដ្ឋកិច្ចទម្លាក់កញ្ចប់ថវិកា របស់រាជរដ្ឋាភិបាលមកឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ (ថ្ងៃទី១៩ ខែកញ្ញា) មកដល់ពេលនេះ យើងបានផ្តល់ថវិកាជាង១លានដុល្លារ ដោយប្រមូលទិញស្រូវពីកសិករ បានប្រមាណជាង៩ពាន់តោន»។
បើតាមលោក កៅ ថាច ម្ចាស់រោងម៉ាស៊ីនកិនស្រូវបាន និងកំពុងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ទិញស្រូវពីប្រជាកសិករ ហើយយកស្តុកស្រូវ នោះមកធ្វើជាវត្ថុបញ្ចាំ ដើម្បីយកកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេស» ទម្លាក់ថវិកាបម្រុងចំនួន២០លានដុល្លារ បូករួមទាំងទុនរបស់ ធនាគារអភិវឌ្ឍន៍ជនបទ៧លានដុល្លារ សរុប២៧លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងការផ្តល់កម្ចី ជូនដល់រោងម៉ាស៊ីនកិនស្រូវ។
លោក កៅ ថាច បញ្ជាក់ថា ការផ្តល់កម្ចីជូនរោងម៉ាស៉ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ដោយប្រើប្រាស់ស្រូវជាទ្រព្យបញ្ចាំហើយធនាគារ អភិវឌ្ឍន៍ជនបទ ផ្តល់ថវិកាឥណទាន៧០ភាគរយ នៃបរិមាណស្រូវដែលពួកគាត់មាន ដើម្បីឲ្យពួកគាត់ យកទៅទិញស្រូវបន្ថែមទៀត (ឧទាហរណ៍រោងម៉ាស៉ីនកិនស្រូវមាន ១០០០តោន នោះធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ថវិកាស្មើនឹង៧០០តោន) ក្នុងអត្រាការប្រាក់ទាប ត្រឹមតែ៨ភាគរយក្នុងឆ្នាំ ឬ០.៦ភាគរយក្នុង១ខែប៉ុណ្ណោះ៕