(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ សីហា នេះ ក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានជួបជុំគ្នា ក្នុងចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះអ្នកនយោបាយចាស់វស្សាក្បត់ជាតិបីជំនាន់ដែលជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស។
លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានថ្លែងប្រាប់ អង្គភាព Fresh News ឲ្យដឹងថា ក្រុមនាមជាយុវជន និងប្រជាជនខ្មែរមិនអាចឈរឱបដៃ ចំពោះអ្នកធ្វើនយោបាយ ព្រៃផ្សៃដូចលោក សម រង្សុី បាននោះទេ។ យើងដឹងទាំងអស់គ្នាហើយថាទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)គឺពិតណាស់បានផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា ពិសេសប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ គ្រប់គណបក្សនយោបាយ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមអបអរសាទរ និងគាំទ្រនូវការអភិវឌ្ឍន៍នេះយ៉ាងច្រើនលើសលប់។ ចំលែកអ្នកនយោបាយចាស់វស្សាជាទណ្ឌិតក្បត់ជាតិបីជំនាន់ ញុះញុង់បំផ្លើសបំផ្លៃ ឥតល្អែ សូម្បីថ្មីៗនេះ យកបញ្ហា ប្រទេស បង់ក្លាដេស មកបំផុសបំផុលតាមបណ្តាញសង្គម ដើម្បីជាលក្ខណៈញុះញង់។
អ្នកនយោបាយចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើតនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ នយោបាយយកជើងរាទឹក មានចិត្តគំនិតទុច្ចរិក បំផ្លើសបំផ្លៃព័ត៌មាន ញុះញង់ គ្រប់រឿង ចំពោះការអភិវឌ្ឍរបស់កម្ពុជា ដើម្បីតែមហិច្ឆតាផ្ទាល់ខ្លួនហួសហេតុ ចង់បំផ្លាញប្រយោជន៍ជាតិខ្លួន និងធ្វើឱ្យសង្គមជាតិមានការចលាចល។ ការធ្វើនយោបាយខ្មៅកខ្វក់ជ្រុលនិយមរាប់សិបឆ្នាំដដែលៗបែបនេះ មិនទទួលបានលទ្ធផលទេ ផ្ទុយទៅវិញ កាន់តែធ្វើឱ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសក្រុមជ្រុលនិយមទាំងនេះ បានបាត់ទំនុកចិត្តពីបក្សពួក និងសកម្មជនខ្លួនទៅវិញ៕