(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ក្រោមការណែនាំ ផ្ទាល់ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងបាញ់ថ្នាំសម្លាប់មូស ដើម្បីការពារជំងឺ «Zika» ដែលជាជំងឺឆ្លងថ្មីមួយ កំពុងតែរាលដាលនៅតាមបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកដែលយុទ្ធនាការ នេះធ្វើឡើង នៅពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅតាមសង្កាត់មួយចំនួន ក្នុងក្រុងកំពង់ឆ្នាំង។ បន្ថែមពីនេះលោកប្រធានមន្ទីរ សុខាភិបាល ក៏ផ្សព្វផ្សាយពីជំងឺ «Zika» នេះ ដល់គ្រូពេទ្យ និងបុគ្គលិក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ផងដែរ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ការរៀបចំធ្វើយុទ្ធនាការនាពេលនេះ ដើម្បីឲ្យប្រជាពលរដ្ឋយល់ ជ្រួតជ្រាប កាន់តែច្បាស់បន្ថែមទៀត អំពីជំងឺ «Zika» ដើម្បីចូលរួមទប់ស្កាត់ ការពារ ជំងឺមួយនេះ កុំឲ្យកើតមាននៅក្នុងភូមិ ស្រុករបស់ពួក គាត់។ លោកក៏បានបញ្ជាក់ពី ផលប៉ះពាល់របស់ជំងឺ «Zika» ដែលអាចបំផ្លាញប្រព័ន្ធប្រសាទកុមារឲ្យខុសប្រក្រតី ចំពោះស្ត្រីមានគភ៌ ដែលមានផ្ទុកមេរោគ Zika ឬកើតជំងឺ «Zika» អាចបណ្តោលឱ្យទារកកើតមក មានក្បាលតូចខុសធម្មតា និងមានប្រព័ន្ធសសៃប្រសាទខុស ប្រក្រតីប្រសិនក្នុងករណីសង្ស័យមានជំងឺ «Zika» ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យធ្វើតេស្តឈាម រកមេរោគ្គ Zika និង មេរោគ្គដទៃទៀតដែលបង្កឱ្យក្តៅខ្លួន។
លោកវេជ្ជបណ្ឌិត ក៏បានឲ្យដឹងថា មូសខ្លាជាប្រភពចម្លងជំងឺ «Zika» ដែលមូសខ្លានេះ បានធ្វើសកម្មភាពខ្លាំងបំផុតនៅពេលថ្ងៃហើយអាច ចម្លងពីម្តាយទៅកូន នៅក្នុងផ្ទៃទៀតផង ចំពោះរោគ្គសញ្ញានៃជំងឺនេះ គឺក្តៅខ្លួនស្រាល ឈឺក្បាល ឈឺសន្លាក់ មានកន្ទួលក្រហមលើស្បែក ភ្នែកឡើងក្រហម និងអាចបាត់ទៅវិញ ក្នុងរយៈពេល២ ទៅ៧ថ្ងៃក្រោយ នឹងមានហានីភ័យខ្ពស់គ្រោះថ្នាក់ បំផុតលើស្ត្រីមានផ្ទៃពោះ។
ជាមួយគ្នានោះដែរ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចេះអនាម័យ និងកប់ជម្រកមូសខ្លានៅជុំវិញផ្ទះដោយ ដាក់ថ្នាំអាល់បែតតាមពាងទឹក ចាក់បំពេញទីនៅកន្លែងដក់ទឹក ត្រូវយកសំបកកង់ម៉ូតូ ឡាន ចាស់ៗ សំបកកំប៉ុង សំបកដូងនិងសំភារៈ ផ្សេងៗ ដែលដក់ទឹកបង្កឲ្យមូសពង និងញាស់កូនយកទៅដុត ឬកប់ចោល ដើម្បីការពារមូលខ្លាខាំ ត្រូវដេកក្នុងមុង ស្លៀកពាក់ខោអាវឲ្យ បានជិតក្នុងការទប់ស្កាត់កុំឱ្យមាន ជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺ «Zika» ដែលពិភពលោក កំពុងខិតខំទុបស្កាត់ និងព្រួយបារម្មណ៍ យ៉ាងខ្លាំង៕