(ភ្នំពេញ)៖ អ្នកស្នេហាវិស័យរថយន្ត Supercar ប្រាកដជាធ្លាប់បានឮនិងស្គាល់ឈ្មោះលោក Maximillion Cooper ហើយ ពិសេសនោះគេតែងដឹងថា កន្លែងណាមានឈ្មោះលោក កន្លែងនោះតែងតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើង ជាក់ស្ដែងនៅថ្ងៃនេះ ស្រាប់តែវត្តមានរបស់លោក Maximillion Cooper ក៏បានមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានទាំងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់តំណាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង ទៀតផង។
* តើនឹងមានអ្វីកើតឡើងនៅកម្ពុជា?
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថាបនិក Gumball 3000 គឺលោក Maximiliion Cooper បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ហើយក៏សង្កេតឃើញមានវត្តមានឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង ទៅទទួលស្វាគមន៍ដោយផ្ទាល់ដល់អាកាសយានដ្ឋាន អមជាមួយនឹងកំពូលរថយន្ត Supercar ជាច្រើនគ្រឿង ជូនដំណើរលោកទៅមកនៅក្នុងប្រទេសកម្ពុជា។
វត្តមានរបស់លោក Maximillion Cooper នៅថ្ងៃនេះ គឺជាសញ្ញាណដ៏វិសេសវិសាលមួយ ដែលអាចបញ្ជាក់បានថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានឹងកាន់តែកក្រើក និងនាំយកភាពល្បីល្បាញរបស់ប្រទេសកម្ពុជាកាន់តែរីកសុះសាយទូទាំងសកលោក តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ជាមួយនឹងការមកដល់កម្ពុជារបស់លោក Maximillion Cooper នេះដែរ តំណាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង ក៏នឹងត្រៀមរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដើម្បីប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា នាពេលខាងមុខ។ ដូច្នេះសូមសាធារណជនរង់ចាំតាមដានទាំងអស់គ្នា ថាតើនឹងមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នឹងរៀបចំនៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រុមហ៊ុន ជីប ម៉ុង តែមួយគត់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន ជីប ម៉ុង ទទួលបានឱកាសនេះ ក៏ព្រោះតែភាពល្បីល្បាញនិងការចាក់គ្រឹះយ៉ាងរឹងមាំជាង៤ទសវត្សរ៍លើវិស័យពហុពាណិជ្ជកម្ម តាមរយៈការវិនិយោគលើវិស័យធំៗជាច្រើននៅកម្ពុជា និងមានដៃគូពាណិជ្ជកម្មជាច្រើនលើពិភពលោក ដូច្នេះហើយទើបក្រុមហ៊ុនត្រូវបានក្រសួងទេសចរណ៍ និង Gumball 3000 ទុកចិត្តនិងសហការរៀបចំព្រឹត្តិការណ៍នេះ។
សូមរំឭកដែរថា ព្រឹត្តិការណ៍ Gumball 3000 ដែលគ្រោងធ្វើឡើងនៅកម្ពុជានេះ ជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១-ការជំរុញវិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ២-ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣-ការបើកឱកាសឱ្យវិនិយោគិនឯកជនបរទេស និងវិនិយោគិនក្នុងស្រុកបានជួបគ្នា និងទី៤-ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស «ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត»។
កុំភ្លេចណា! ចូលរួមទស្សនាផ្ទាល់ដោយសេរីក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះ៕