(កំពង់ចាម)៖ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំលោក-លោកស្រី ប្រធាន-អនុប្រធានក្រុមការងារចុះជួយតាមបណ្ដាភូមិ នៃឃុំទួលសំបួរ និងឃុំអារក្សត្នោត ចុះរៀបចំពិធីក្រុងពាលីសាងសងអាគារគណបក្សឃុំទួលសំបួរ និងជួបសំណេះសំណាលជាមួយសមាជិកគណបក្ស។
ក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងបេក្ខជនពេញសិទ្ធ និងបម្រុងមកពីគណបក្ស សម រង្ស៊ី ក្នុងឆ្នាំ២០២២ ដែលបច្ចុប្បន្នបានមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានឧបត្ថម្ភកុំព្យូទ័រ ១គ្រឿង ស្មើនឹង៥០០ដុល្លារ ជូនសាលាឃុំទួលសំបួរ, ឧបត្ថម្ភសម្ភារៈផ្ទះបាយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលសំបួរ ២លានរៀល, ឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ១៥នាក់ សកម្មជន ៥នាក់ និងតាជីយាយជី ១០នាក់ ក្នុងម្នាក់ៗ ៥មុឺនរៀល, អនុប្រធានភូមិ ប្រជាការពារ និងក្មេងៗ ៧នាក់ ក្នុងម្នាក់ៗ ២មុឺនរៀល និងឧបត្ថម្ភម្ហូបអាហារ ៣០មុឺនរៀល។
បន្ថែមពីនេះ លោក ហេង វុទ្ធី បានបន្ដដឹកនាំ ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខដល់សមាជិកគណបក្សដែលក្រលំបាក១១គ្រួសារ និងឧបត្ថម្ភជីវភាពបក្ស ព្រមទាំងម្ហូបអាហារ ក្នុងនោះរួមមាន៖
* ឃុំទួលសំបួរ៖ ភូមិទួលសំបួរ ២គ្រួសារ សរុបថវិកាចំណាយ៥៨មុឺនរៀល, ភូមិវាលព្រះ ២គ្រួសារ សរុបថវិកាចំណាយ២៧មុឺនរៀល និងភូមិស្រែអំពៅ ៣គ្រួសារ សរុបថវិកាចំណាយ៤៥មុឺនរៀល។
* ឃុំអារក្សត្នោត៖ ភូមិគីឡូ១០ ២គ្រួសារ សរុបថវិកាចំណាយ២៦មុឺនរៀល, ភូមិល្វា ២គ្រួសារ សរុបថវិកាចំណាយ២០មុឺនរៀល, ភូមិគីឡូ៧ ៣គ្រួសារ និងឧបត្ថម្ភអង្ករ ថវិកាដល់វិហារឥស្លាម សរុបចំណាយ៥៥មុឺនរៀល និងភូមិល្វា១ ២គ្រួសារ និងឧបត្ថម្ភសូឡាបំភ្លឺផ្លូវ២ផ្ទាំង សរុបថវិកាចំណាយ៩៦មុឺនរៀល៕