(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។
តាមបណ្តាញសង្គមផ្លូវការ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374»។
ជាមួយគ្នានេះ លោក ហេង សួរ ក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។
គួរបញ្ជាក់ថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, ខេត្ត Oita, ខេត្ត Kagoshima និងខេត្ត Ehime៕