(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាការទទួលបន្ទុកផ្សព្វផ្សាយ អប់រំ លើកទឹកចិត្តឱ្យសិល្បករ សិល្បការិនីទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារឯកជនរបស់ខ្លួនដើម្បីផ្សព្វផ្សាយ​ទៅដល់ស្រទាប់​យុវជន និងពលរដ្ឋ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីតំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន នាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា យោងតាមរបាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមរយៈពេល ២២០ថ្ងៃ នៃយុទ្ធនាការបង្ក្រាបរួម ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមករា ២០២៤ ដល់ថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤ មានចំនួន ៦៤៥៥ករណី ឃាត់មនុស្សបាន ១៦ ០៤២នាក់ ស្រី ១ ២៧៧នាក់ ចាប់បានសារធាតុញៀនគ្រប់ប្រភេទចំនួនជាង ៥តោន គីមីផ្សំមានចំនួន ២២៧គីឡូក្រាម កញ្ឆារស្ងួត ៦២គីឡូក្រាម និងកញ្ឆារស្រស់ជាង៦ពាន់ដើម។

លោកបានបន្តថា តាមការប៉ាន់ប្រមាណ យុវជនជាង ២ម៉ឺន ទៅ៣ម៉ឺននាក់ បាននិងកំពុងរងឥទ្ធិពលពីគ្រឿងញៀន ដែលភាគច្រើនកើតឡើងដោយមូលហេតុមួយចំនួនដូចជា ចង់សាក ចាញ់បោក ចាប់បង្ខំ និងតម្លៃថោកនៃគ្រឿងញៀន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់អាទិភាព ក្នុងការអប់រំ និងផ្សព្វផ្សាយ ជាចំណុចសំខាន់ព្រោះថា មិនមានអ្វីប្រសើរជាងពលរដ្ឋមានការយល់ដឹង និងចូលរួមនោះទេ។ ក្នុងនោះអាជ្ញាធរជាតិប្រយុឬ្ធប្រឆាំងគ្រឿងញៀន មានគោលដៅទីមួយគឺ ការអប់រំ និងផ្សព្វផ្សាយ និងអនុវត្តច្បាប់ ។

ប្រមុខរាជរដ្ឋភិបាលក៏បានដាក់ចេញនូវវិធានការ «សម្អាតចកក្នុងបឹង» គឺលប់បំបាត់ឱ្យអស់នៅក្នុងសង្គម តាមរយៈការតេស្តរកសារធាតុញៀន នៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីស្ថាប័ន ដោយបានធ្វើតេស្តចំនួន ១០០ ៩៣១នាក់ មានវិជ្ជមាន ៩៨នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ៨៩នាក់ និង ៨នាក់ កំពុងអនុវត្តតាមច្បាប់។

លោកបានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងបានធ្វើឱ្យការបញ្ជ្រាបការយល់ដឹងទៅដល់យុវជន និងប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

អ្នកឧញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប បានលើកឡើងថា ការរួមសហការគ្នាក្នុងការផ្សព្វផ្សាយរវាងហង្សមាស និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ បានបង្ហាញឱ្យឃើញ​ពីកាតយកចិត្តទុកដាក់​ពីរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការលើកកម្ពង់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈហង្សមាស ក្នុងការផ្សព្វផ្សាយទប់ស្កាត់ ការលក់ដូរ និងប្រើប្រាស់គ្រឿងញៀន។ នាពេលកន្លងមក ក្នុងកម្មវិធីនានារបស់ហង្សមាស ទាំងកម្មវិធីសិល្បៈ ព័ត៌មាន ហង្សមាស តែងតែផ្សព្វផ្សាយជានិច្ច ក្នុងការបញ្ជ្រាបសារអប់រំស្តីពីបញ្ហាគ្រឿងញៀន។ ក្នុងនាមហង្សមាស អ្នកឧញ៉ា សូមចូលរួមគាំទ្រ ដល់វិធានការរបស់រដ្ឋភិបាល ដែលបានដាក់ចេញក្នុងការលប់បំបាត់បញ្ហាគ្រឿងញៀនឱ្យអស់នៅកម្ពុជាផងដែរ៕