(ភ្នំពេញ)៖ រូបថតកូនស្រីរបស់លោកឧត្តមសេនីយ៍ត្រី សាន សុសីហា ត្រូវបានជនអនាមិកយកទៅបង្កើតគណនី Facebook ក្លែងក្លាយ រួចឆាតទៅអ្នកដទៃក្នុងចេតនាទុច្ចរិត ដោយបន្លំជាក្រុមគ្រួសាររបស់លោក។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា ក្រៅពីគណនី Facebook ជនអនាមិកក៏បានប្រើប្រាស់រូបកូនស្រីរបស់លោក ទៅដាក់តាំង Profile តេលេក្រាមផងដែរ រួចឆាតទៅអ្នកដទៃដូចគ្នា។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា ករណីក្លែងបន្លំតាមរយៈការប្រើប្រាស់រូបកូនស្រីនេះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចជំនាញ ដើម្បីជួយអន្ដរាគមន៍រួចរាល់ហើយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖

«សេចក្តីជូនដំណឹង ដល់បងប្អូន ក្រុមគ្រួសារ និងមិត្តភក្ត្រទាំងអស់ឲ្យបានជ្រាបថា មួយរយ:នេះមានជនខិលខូច បានយករូបកូនស្រីខ្ញុំទៅដាក់ជា Profile បង្កេីតហ្វេសបុកក្លែងក្លាយ ឆាតទៅអ្នកស្គាល់បន្លំជាកូនខ្ញុំ (សូមបញ្ជាក់ថាកូនស្រីខ្ញុំមិនមានប្រេីប្រាស់បណ្តាញសង្គមណាមួយនោះទេ )

ជនខិលខូចបានបង្កេីតតេឡេក្រាមក្លែងក្លាយដោយដាក់ឈ្មោះគ្រួសារខ្ញុំ ហេីយបានឆាតទៅអ្នកស្គាល់បន្លំខ្លួនជាគ្រួសារខ្ញុំ។ ជនខិលខូចបានបង្កេីតឡេីងក្នុងគោលបំណងអាក្រក់ ដោយបានបន្លំជាកូនខ្ញុំ គ្រួសារខ្ញុំ។

ដេីម្បីវែកមុខរកជនខិលខូចនេះ ខ្ញុំបាទបានដាក់ពាក្យបណ្តឹងជាមួយសមត្ថកិច្ចពាក់ព័ន្ធរួចហេីយ»៕