(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នាឱកាសនោះដែរ លោកបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដល់លោកវរសេនីយ៍ឯក សៀក បាន នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមកបណ្ដាលឱ្យរបួសធ្ងន់ ត្រូវបានគ្រួសារ លោកបញ្ជូនទៅពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យរាជធានីភ្នំពេញមួយរយៈដោយមានការយកចិត្តទុកដាក់ថែទាំពីលោកគ្រូ អ្នកគ្រូពេទ្យ ធ្វើឱ្យស្ថានភាពជំងឺរបស់លោក សៀក បាន មានការធូរស្រាល គ្រួសារលោកនាំមកសម្រាកព្យាបាលជំងឺនៅគេហដ្ឋានវិញ។
លោកបានណែនាំដល់អ្នកជំងឺត្រូវបន្តការធ្វើអនាម័យជាប្រចាំថ្ងៃ តាមរយៈការរស់នៅស្អាត ការបរិភោគស្អាត ពិសារឱសថ ត្រឹមត្រូវតាមការកំណត់ សម្រាកគ្រប់គ្រាន់ក្នុងម៉ុងជ្រលក់ថ្នាំ ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ទើបឆាប់ជាសះស្បើយពីជំងឺ ពិសេសបន្ទាប់ពីទទួលពត៌មានមន្ត្រីក្រោមឱវាទជួបទុក្ខលំបាកនិងមានជំងឺឈឺថ្កាត់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តដឹកនាំកងកម្លំាងចុះសាកសួរសុខទុក្ខ ដើម្បីលើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ ដល់មន្ត្រី មិនបោះបង់ចោលបងប្អូន នាគ្រាជួបទុក្ខលំបាកឡើយ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានប្រគល់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន សរុបថវិកា ១,២៥០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្រាប់ការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ។
លោក សៀក បាន និងភរិយា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងលោក ស្នងការនគរបាលខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសាកសួរសុខទុក្ខប្រគល់សម្ភារៈ ថវិកាដល់គ្រួសារលោក និងគោរពជូនពរចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕