(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាក់ការអភិវឌ្ឃ (AFD) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតនយោបាយជាលើកទី១ នៅសណ្ឋាគារភ្នំពេញ។ ខាងភាគីរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងខាងភាគីបារាំងតំណាង ដោយលោក Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ដៃ គូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនផងដែរ។ លោក វង្សី វិស្សុត បានថ្លែងថា «កិច្ចប្រជុំនាថ្ងៃនេះ ចំណុចគោលចរមួយដ៏សំខាន់ នៅក្នុងទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចអភិវឌ្ឍន៍រវាង បារាំង-កម្ពុជា ដែលគ្របដណ្តប់លើច្រើនវិស័យ។ កម្ពុជា-បារាំង ប្តេជ្ញាក្នុងការលើកតម្កើងភាព ជាដៃគូថែមមួយកម្រិតទៀត ដើម្បីផលប្រយោជន៍ ទៅវិញទៅមក ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ»។
លោករដ្ឋលេខាធិការសង្ឈឹមថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយថ្ងៃនេះ នឹងកំណត់នូវទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ នៅបណ្តាឆ្នាំខាងមុខ ដើម្បីដោះស្រាយនិងបំពេញតម្រូវការខាងផ្នែកអភិវឌ្ឍន៍របស់កម្ពុជា ជាមួយនឹងធនធាន និងការគាំទ្រផ្តល់ដោយរដ្ឋាភិបាលបារាំង។ គិតចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ (ដំណាច់ខែសីហា) បារាំងបានផ្ដល់ហិរញ្ញប្បទាន សហប្រតិបត្តិការចំនួនប្រមាណ ៣៥០លានអឺរ៉ូ ក្នុងនោះរួមមាន៖ ហិរញ្ញប្បទានឥតសំណងមានចំនួន ១៤០លានអឺរ៉ូ និងឥណទានសម្បទានមានចំនួនសរុប ២១០លានអឺរ៉ូ (ក្នុងនោះឥណទានគ្មានការធានាពីរដ្ឋ “ Non Sovereign loan”) មានចំនួន ១២៣លានអឺរ៉ូ និងឥណទានសម្បទាន “Sovereign Loan” ចំនួន ៨៧លានអឺរ៉ូ។គិតមកត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៦ នេះ បារាំងបានបើកផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ២២២ លានអឺរ៉ូ ក្នុងនោះឥណទានសម្បទាន “Sovereign Loan” ចំនួន ៥៥លានអឺរ៉ូ ។ ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ១៤០លាន អឺរ៉ូ ត្រូវបានប្រើប្រាស់សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៧៣។
ក្នុងន័យនេះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក វង្សី វិស្សុត បានសំដែងនូវអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង ចំពោះការចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់ពីការកសាងសន្តិភាព រហូតដល់កិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងហិញ្ញវត្ថុ ជាពិសេសការគាំទ្ររបស់បារាំងចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជារហូតមក ដើម្បីបុព្វហេតុការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងគោលដៅធានាដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា លោក វង្សី វិស្សុត បានលើកឡើងថា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងត្រូវឱ្យចំនូវអាទិភាពគោលនយបាយនានារបស់កម្ពុជា ដូចដែលមាននៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ក៏ដូចជាត្រូវឱ្យមានសង្គត់ភាពជាមួយគោលនយោបាយក្នុងការខ្ចី ព្រមទាំងច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានារបស់កម្ពុជាផងដែរ។ ដូចនេះ ដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានការយោគយល់ទៅវិញទៅមក និងការសម្របសម្រួលឱ្យបានជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ក្នុងការធ្វើវិស្វកម្មហិរញ្ញប្បទានពី AFD។
លោក Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានបង្ហាញនូវការបេ្តជ្ញាចិត្ត របស់រដ្ឋាភិបាលបារាំងក្នុងការបន្តគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា។ ឯកឧត្តមក៏បានលើកឡើង ផងដែរថា រដ្ឋាភិបាលបារាំងគ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់ប្រទេសកំពុងអភិវឌ្ឍន៍នានាក្នុងទំហំទឹកប្រាក់ប្រមាណ ១២ ប៊ីលានអ៊ឺរូ់ រហូតដល់ឆ្នាំ២០២០។ ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត នឹងខិតខំជួយសម្រួល ដល់កម្ពុជាក្នុងការស្រូបយកនូវ ទឹកប្រាក់ ជំនួយពីបារាំងខាងលើនេះឱ្យ បានច្រើនតាមដែលអាចធ្វើទៅបាន ៕