(សៀមរាប)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៧៧ ដែលរៀបចំដោយ សមាគមឥណទានជនបទ ក្នុងវិស័យកសិកម្មសម្រាប់អាស៊ីប៉ាស៊ីហ្វីក (APRACA) ជាមួយធនាគារជាតិនៃកម្ពុជា ។
កិច្ចប្រជុំបានផ្តោតលើការគាំទ្រឥណទាន ដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ ដោយបានជជែកពិភាក្សាលើចំណុចសំខាន់ៗ ផ្តោតលើគោលនយោបាយជំរុញការផ្តល់ហិរញ្ញប្បទាន និងគម្លាតដែលមិនឆ្លើយតបនឹងតម្រូវការ ក្នុងការអភិវឌ្ឍន៍ ដែលសម្របសម្រួលដោយបណ្ឌិត កៅ ថាច និងបន្ទាប់មកផ្តោតលើបទពិសោធន៍ដែលល្អៗ ក្នុងការផ្តល់ហិរញ្ញប្បទាន។
កិច្ចពិភាក្សារខាងលើចូលរួមដោយវាគ្មិន តំណាងធនាគារគោលនយោបាយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករួមមាន ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន បង់ក្លាដេស អ៊ីរ៉ង និងធនាគារBAAC នៃប្រទេសថៃឡង់។ នារសៀលថ្ងៃដដែលក៏មានកម្មវិធីចុះអនុស្សារណៈរួមគា្នរវាង ARDB និង APRACA ផងដែរ៕