(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានចូលរួមកម្មវិធីធំៗចំនួន៣ ក្នុងឱកាសថ្ងៃទិវាអាស៊ានលើកទី៥៧ នៅលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាអធិបតីក្នុងការប្រារព្វទិវាអាស៊ានលើកទី៥៧។ នៅក្នុងសន្ទរកថា លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ានក្នុងការពង្រឹងសហគមន៍អាស៊ានមួយដែលមានការតភ្ជាប់ មានភាពធន់ និងយកប្រជាជនជាស្នូល។

លោកបានបង្ហាញពីសុទិដ្ឋិនិយមថា អាស៊ាននឹងបន្តមានភាពស៉ាំមានភាពធន់ បុរេសកម្ម និងឆ្លើយតបទៅនឹងការចាប់យកឱកាស ខណៈដោះស្រាយបញ្ហាដែលកំពុងលេចឡើង ចំពេលដែលមានភាពមិនច្បាស់លាស់ជាសកល។

នៅក្នុងពិធីនោះដែរ លោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក  Airlangga Hartanto រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ព្រមទាំងលោកបណ្ឌិត កៅ គឹមហួន បានធ្វើជាសាក្សីក្នុងការដាក់ដំណើរការ Collaborative Batik ក្នុងគោលបំណងអបអរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងដាក់ចេញការរចនាបាទីកដ៏ប្លែក ដោយមាននិមិត្តសញ្ញារូបផ្កា នៃប្រទេសសមាជិកអាស៊ាននីមួយៗ។

នាព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជាមួយលោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានអញ្ជើញកាត់ខ្សែបូបើកជាផ្លូវការនូវ Open House របស់វិទាអាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន និងលោកស្រីរដ្ឋមន្ត្រីការបរទេស ក៏បានទស្សនាអ្នកតាំងពិព័រណ៍ផ្សេងៗ ដែលរួមមានតំណាងមកពីមជ្ឈមណ្ឌលអាស៊ាន និងអង្គភាពពាក់ព័ន្ធអាស៊ាន ASEAN Women’s Circle ប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន ក៏ដូចជាវិស័យអប់រំ ដោយដាក់បង្ហាញអាហារូបករណ៍ជាដើម។ នេះគឺជា Open House លើកទីមួយហើយ នៅលេខាធិការដ្ឋានអាស៊ាន បន្ទាប់ពីជំងឺកូវីដ១៩បានបញ្ចប់។

នៅរសៀលថ្ងៃទី៨ ខែសីហា លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមអាហារថ្ងៃត្រង់ដើម្បីប្រគល់ពានរង្វាន់អាហារូបករណ៍អាស៊ាន-ធនាគារ Maybank លើកទី៣។

លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរ និងបានប្រគល់វិញ្ញាបនបត្រដល់ជ័យលាភីវ័យក្មេង និងមានសមត្ថភាព៧រូប មកពីតំបន់អាស៊ាន។ ពិធីនេះត្រូវបានរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន និងមូលនិធិ Maybank មានការចូលរួមពីតំណាងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ក៏ដូចជាមន្ត្រីជាន់ខ្ពស់ពីក្រុមហ៊ុន Maybank Group និងលេខាធិការដ្ឋានអាស៊ានផងដែរ៕