(ភ្នំពេញ)៖ ចំណាត់ការរបស់ប៉ូលិសអង់គ្លេស បង្ក្រាបការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអុជអាលបញ្ឆេះ កំសួលកំហឹងមនុស្ស បានក្លាយជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយ។
ក្រុមស្តាំជ្រុលនិយមក្នុងប្រទេសអង់គ្លេស បានរងការចោទនូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្តាញសង្គម ដុតបញ្ឆេះឱ្យមានអំពើហិង្សា ពាក់ព័ន្ធនឹងករណីសម្លាប់ក្មេងស្រីបីនាក់ អាយុចន្លោះពី៦ទៅ៩ឆ្នាំ ក្នុងហេតុការណ៍វាយប្រហារមួយ នៅឯព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់តារាចម្រៀងអាមេរិក Taylor Swift សម្រាប់កុមារ នៅក្នុងទីក្រុង Southport ស្ថិតនៅភាគខាងជើងប្រទេសអង់គ្លេស។ ក្មេងៗ៨នាក់ផ្សេងទៀត និងមនុស្សវ័យជំទង់២នាក់ បានរងរបួសផងដែរ នៅក្នុងហេតុការណ៍ហិង្សានោះ។ ខណៈប៉ូលិសអង់គ្លេសបានឃាត់ខ្លួនបុរសសង្ស័យអាយុ១៧ឆ្នាំម្នាក់ ស្រាប់តែមានព័ត៌មានក្លែងក្លាយមួយ ត្រូវបានចែកចាយយ៉ាងព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម ដោយ និយាយថា ជនសង្ស័យរូបនោះ គឺជាជនអន្តោប្រវេសន៍មូស៊្លីម។
ព័ត៌មានក្លែងក្លាយនេះហើយ បានបង្កទៅជាកំហឹងស្អប់ខ្ពើម និងបង្កជាកំសួលដុតបញ្ឆេះនូវអំពើហិង្សា ប្រឆាំងពលរដ្ឋមូស៊្លីម ក្នុងទីក្រុង Southport រួមទាំងការព្យាយាមវាយប្រហារលើព្រះវិហារឥស្លាមទៀតផង។
ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ គឺជាអំពើដ៏គ្រោះថ្នាក់បំផុត ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនេះ។ នៅក្នុងប្រទេសកម្ពុជា ក្រុមធ្វើនយោបាយប្រឆាំង ជាពិសេសមេខ្លោងក្បត់ជាតិបី ជំនាន់ ដែលរស់នៅក្រៅប្រទេសនិងបក្ខពួក បានបង្កើតព័ត៌មានក្លែងក្លាយជាច្រើនរាប់មិនអស់ ដែលសុទ្ធសឹង ជាព័ត៌មានដុតបញ្ឆេះកំហឹង ដើម្បីឱ្យពលរដ្ឋបះបោរប្រឆាំងនឹងការដឹកនាំរាជ រដ្ឋាភិបាល ប៉ុន្តែក្នុងចំណាត់ការដែលធ្វើស្រដៀងគ្នា ដូចអ្វីដែលប្រទេសអង់គ្លេសបានចាត់ការ លើអ្នកប្រព្រឹត្ត និងអ្នកជាប់សង្ស័យ ក្រុមសិទ្ធិមនុស្សនិងមន្ត្រីទូតមួយចំនួន បែរជាចោទប្រកាន់ដាក់មកលើកម្ពុជាថា វាជាអំពើរំលោភសិទ្ធិមនុស្សនិងសិទ្ធិសេរីភាព… រីឯចំណាត់ការ របស់អាជ្ញាធរអង់គ្លេស ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលអុជអាលបញ្ឆេះកំហឹង ជាមួយការចាប់ខ្លួនមនុស្សជាង១០០នាក់ថ្មីៗមកនេះ ក្រុមសិទ្ធិមនុស្សទាំងនោះ បែរជាសម្ងំ យ៉ាងស្ងៀម មិនហ៊ានបញ្ចេញយោបល់ថា វាជាអំពើរំលោភលើសិទ្ធិមនុស្សឡើយ។
ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបំណងញុះញង់ ឱ្យមានអំពើបះបោរចលាចលមានច្រើនណាស់នៅក្នុងប្រទេសកម្ពុជា និងក៏ត្រូវបានរាជរដ្ឋាភិបាល ចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ ដើម្បីភាពសុខសាន្តក្នុងសង្គមរបស់ខ្លួន ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែក្រុម ធ្វើនយោបាយប្រឆាំងក៏កាន់តែបង្កើនការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ដើម្បីការប៉ុនប៉ងនាំប្រទេសកម្ពុជាដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីវិញផងដែរ។
ក្នុងចំណោមការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានជាច្រើនរួចមកនោះ យើងសូមលើក យកតែឧទាហរណ៍ចុងក្រោយមួយឬពីរតែប៉ុណ្ណោះ ដែលក្រុមប្រឆាំងស្ថិតក្រោមឥទ្ធិពលនៃ មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានលើកធ្វើជាទឡ្ហីករណ៍ ក្នុងនោះរួមមានរឿងនៃការជីក ព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណនៃខេត្តទាំង១៣ នៅតំបន់ CLV។ ការជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ គឺជាគំរោងការណ៍របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការជំរុញអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិទាំងស្រុង ជាមួយនឹងការពន្យល់ បង្ហាញគ្រប់សព្វបែបយ៉ាងទាំងអស់ របស់ក្រុមអ្នកជំនាញជាបន្តបន្ទាប់ផងទៀត ប៉ុន្តែក្រុមធ្វើ នយោបាយប្រឆាំង បន្តធ្វើគ ថ្លង់ និងកាន់តែផ្គើន និងបង្កើនផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីតែ ចង់ឱ្យគេមើលឃើញថា ខ្មែរស្ថិតក្រោមអំណាចរបស់វៀតណាម និងក្រោមអំណាចប្រទេស ចិន ដោយសារតែភាពរើសអើងរបស់ក្រុមធ្វើនយោបាយទាំងនោះ ប្រឆាំងនឹងប្រទេសវៀត ណាមនិងប្រទេសចិន។ ព័ត៌មានក្លែងក្លាយញុះញង់ទាំងនោះហើយ បានធ្វើឱ្យមនុស្សមួយចំនួនជឿលង់ និងថែមទាំងបង្កសកម្មភាពបំពានច្បាប់ ហើយទីបំផុតត្រូវបានអាជ្ញាធរចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់។
ដើម្បីតែមហិច្ឆតានយោបាយដុតបញ្ឆេះកំហឹងដោយមិនគិតពីផលប្រយោជន៍និងសន្តិសុខ របស់ប្រទេសជាតិ សមរង្ស៊ីមេខ្លោងក្បត់ជាតិបីជំនាន់រូបនោះ បានធ្វើការផ្សព្វផ្សាយនូវព័ត៌ មានមិនពិតនិយាយថា ការជីកព្រែកហ៊្វូណនតេជោ នឹងបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាននិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងថែមទាំងចោទគគ្លើនទៀតថា គំរោងព្រែកជីកនោះ នឹងធ្វើឱ្យ កម្ពុជាបាត់បង់ទឹកដីទៅឱ្យបរទេសថែមទៀត។
ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ មិនបានផ្អែកលើតថភាពណាមួយដោយជាក់ស្តែង ឬការ បកស្រាយដោយកត្តាវិទ្យាសាស្ត្រណាមួយ ដែលគួរឱ្យជឿជាក់នោះឡើយ ប៉ុន្តែព័ត៌មានក្លែង ក្លាយទាំងនេះ នៅតែធ្វើឱ្យមនុស្សមួយចំនួនបន្តវិលវល់ ដោយការជឿលង់ការឃោសនារបស់ ក្រុមប្រឆាំងទាំងនោះ។
ពាក់ព័ន្ធនឹងការផ្សាយព័ត៌ក្លែងក្លាយ ជុំវិញបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ CLV សមរង្ស៊ីមេខ្លោងក្បត់ជាតិបីជំនាន់រូបនោះ បាននិយាយចោទថាខេត្តចំនួនបួននា ភាគឥសានប្រទេស ដែលស្ថិតក្នុងចក្ខុវិស័យនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀត ណាម ឡាវ នោះ គឺជាការកាត់ដីឱ្យទៅប្រទេសវៀតណាម បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរនៃប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងគ្មានអ្វី លើសពីនោះទៀតឡើយ។
***ចំណាត់ការបន្តរបស់រាជរដ្ឋាភិបាលប្រឆាំងការផ្សាយព័ត៌មានក្លែងក្លាយ
នៅក្នុងប្រទេសអង់គ្លេសឯនោះវិញ ដើម្បីដោះស្រាយលើបញ្ហាទប់ស្កាត់ អំពើញុះញង់ដោយ សារតែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កឱ្យសង្គមមានភាពចលាចលនេះ នាយករដ្ឋមន្ត្រី អង់គ្លេស លោក Keir Starmer បានព្រមានថា ក្រុមកុប្បករ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ ប្រទេសអង់គ្លេស នាពេលនេះ បានបើកទ្វារពន្ធនាគារជិត៦០០កន្លែង ដើម្បីស្វាគមន៍ត្រៀមរួចជាស្រេច ខណៈបុរសជាតិអង់គ្លេសអាយុ ៥៨ឆ្នាំម្នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ ពីបទប្រពឹ្រត្តអំពើហិង្សា ដោយតុលាការ Liverpool Crown Court នៅថ្ងៃពុធ ទី៧ ខែសីហា។
ចំពោះដំណោះស្រាយរបស់កម្ពុជានេះវិញ, ដើម្បីការពារនូវយុត្តិធម៌ ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែធ្វើការបកស្រាយពន្យល់ជាច្រើនដង ប៉ុន្តែពួកគេមិនដែលយកត្រចៀកស្តាប់ យកភ្នែកមើល និងយកខួរក្បាលទៅគិតគូរឲ្យសក្តិសមជាអ្នក ដែលមានសតិបញ្ញាស្មារតីល្អគ្រប់គ្រាន់ម្តងណានោះ វិធីគឺមានតែមួយគត់ នោះគឺវិធានការច្បាប់ ស្របតាមនីតិរដ្ឋ ហើយក៏ដូចទៅនឹងប្រទេសដទៃ។ មានតែវិធានការច្បាប់ ទើបមានយុត្តិធម៌ ជាពិសេសអ្នកដែលទទួលរងនូវការរំលោភបំពាន ដោយសកម្មភាពក្តី ដោយការវាយប្រហារជាពាក្យសម្តីក្តី អាចផុតពីការប្រមាថមាក់ងាយពីសំណាក់ជនទុច្ចរឹតទាំងនោះបាន។
ទោះជាពួកប្រឆាំងងងឹតងងុល នៅតែបន្តវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ក៏ពួកគេ មិនអាចធ្វើអ្វីបានហួសពីហ្នឹងទៀតទេ។ ពួកគេនៅតែជាពួកប្រឆាំង ដែលប្រជាជនលែងត្រូវការ ដែលប្រជាជនបន្តផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរបំផុត។ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានៅតែបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដើម្បីជំរុញការអនុវត្តប្រទេសជាតិទៅមុខទៀត។ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា នៅតែទទួលស្គាល់ថា សន្តិភាពដែលកើតមាននៅលើទឹកដីកម្ពុជា ជាមួយនឹងសមិទ្ធផលដែលបានបដិសន្ធិឡើងរាប់មិនអស់ រហូតមកទល់ពេលនេះ គឺជាពលិកម្មដ៏ធំធេងរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ដូច្នេះ ដើម្បីសន្តិភាពជានិរន្តន៍របស់កម្ពុជា យើងជាប្រជាពលរដ្ឋរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ របស់ក្រុមធ្វើនយោបាយប្រឆាំង៕