(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងសារអបអរសាទរការប្រារព្ធទិវារំលឹកខួបអាស៊ានលើកទី៥៧។ ក្នុងរយៈពេលជិត៦ទសវត្សរ៍កន្លងមកនេះអាស៊ានបានធ្វើការយ៉ាងសកម្ម ដើម្បីធានាការរក្សា និងការពង្រឹងនូវមជ្ឈភាព និងឯកភាពរបស់ខ្លួនបានយ៉ាងល្អ។
តាមសាររបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកឡើងថា មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយខ្លឹមសារជាមួយប្រទេសដៃគូខាងក្រៅ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចឱ្យបាននូវតំបន់មួយដែលមានភាពរស់រវើកផ្នែកសេដ្ឋកិច្ច សង្គមប្រកបដោយសមធម៌ និងការផ្សារភ្ជាប់ផ្នែកវប្បធម៌ជាមួយគ្នាទៅវិញទៅមក។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ថា អាស៊ានគឺជាគំរូដ៏លេចធ្លោមួយនៅលើឆាកអន្តរជាតិ នៃកិច្ចសហប្រតិបត្តិការនិងសាមគ្គីក្នុងតំបន់។ អាស៊ានរួមគ្នាតែមួយ យើងបានកសាងនូវសហគមន៍មួយដ៏រីកចម្រើន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់គុណតម្លៃ និងផលប្រយោជន៍រួម ស្របពេលអាស៊ានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរួមចំណុចគន្លឹះខ្លាំងមួយរបស់អាស៊ាន គឺការប្ដេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងចំណោមប្រទេសជាសមាជិកទាំងអស់។ តាមរយៈកិច្ចសន្ទនាយន្តការការទូត និង
ការគោរពគ្នាទៅវិញទៅមក អាស៊ានបានពួតដៃធ្វើការរួមគ្នាដើម្បីសម្រេចបាននូវបរិយាកាសដ៏សុខដុមរមនាមួយ ដែលអំណោយផលដល់ស្ថិរភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម៕
ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖