(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្កើតដោយជនអនាមិកមួយក្រុម ដោយយកឈ្មោះ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» ហើយកាត់តរូបភាពលោកចូលជាមួយនឹងសម្លេង AI ដើម្បីប្រម៉ូតលក់ផលិតរបស់ខ្លួន បោកប្រាស់ប្រជាពលរដ្ឋ «ពីការប្រើប្រាស់នាឡិកាដៃឆ្លាតវៃម្យ៉ាង ដែលអាចវាស់ជាតិស្ករក្នុងឈាម សម្ពាធឈាម ចង្វាក់បេះដូង អុកស៊ីសែនក្នុងឈាមបាន»។
លោកវេជ្ជបណ្ឌិត សួន សាមិត្ដ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះថា «ខ្ញុំសូមច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយទាំងអស់នេះ ដែលបានបង្កើតគណនាហ្វេកប៊ុកក្លែងក្លាយ (Fake account) ហើយផ្សព្វផ្សាយផលិតផលរបស់ខ្លួនបោកប្រាស់ប្រជាជន»។
ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើការផ្សព្វផ្សាយបោកប្រាស់ទាំងនេះអស់សោះ ហើយមុនប្រើប្រាស់អ្វីមួយត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ។
លោកនាយកមន្ទីរពេទ្យបានបន្ដថា យើងនឹងដើម្បីស្វែងរកមុខជនអនាមិក ដែលបានបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ (Fake account) ដោយយកឈ្មោះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងផ្សាយព័ត៌មានមិនពិតទាំងនេះ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់លើករណីនេះ និងស្នើឱ្យម្ចាស់គណនេយ្យក្លែងក្លាយខាងលើនេះ លុបផេកនេះចេញជាបន្ទាន់៕